អដ្ឋកថា វិមោក្ខនិទ្ទេស
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសនៃឧទ្ទេសថា កតមោ ដូចតទៅ នេះថា បទថា ឥតិ បដិសញ្ចិក្ខតិ បានដល់ ពិចារណាឃើញយ៉ាងនេះ ។ បទថា សុញ្ញមិទំ បានដល់ ខន្ធបញ្ចកៈនេះទទេ ។ ទទេចាកអ្វី ទទេចាកភាពជា តួខ្លួន ឬចាកវត្ថុជារបស់ខ្លួន ។ ក្នុងបទទាំងនោះ បទថា អត្តេន វា បានដល់ ទទេចាកភាពជាតួខ្លួន នោះ ព្រោះមិនមានតួខ្លួនដែលពួកបុគ្គលល្ងង់នាំគ្នាកំណត់ ។ បទថា អត្តនិយេន វា បានដល់ ទទេចាកវត្ថុដែលជារបស់ខ្លួនដែលកំណត់ទុកនោះ ។ ការមិនមានវត្ថុ ដែលទាក់ទងដោយខ្លួន ក៏ព្រោះការមិនមានខ្លួននោះឯង ។ ឈ្មោះថា វត្ថុដែលទាក់ទងដោយខ្លួន នឹងគប្បីជារបស់ទៀងឬគប្បីជាសេចក្តី សុខ ។ សូម្បីទាំងពីរយ៉ាងនោះ ក៏មិនមាន ។ ដោយពាក្យនោះ ឈ្មោះថា លោកពោលដល់ អនិច្ចានុបស្សនា ដោយបដិសេធវត្ថុ ដែលជារបស់ទៀង និងដែលពោលដល់ទុក្ខានុបស្សនា ដោយការបដិសេធសេចក្តីសុខ ។ បទថា សុញ្ញមិទំ អត្តេន វា លោកពោលដល់ អនត្តានុបស្សនានោះឯង ។ បទថា សោ បានដល់ ភិក្ខុនោះឃើញច្បាស់ដោយអនុបស្សនា ៣ យ៉ាងនេះ ។ បទថា អភិនិវេសំ ន ករោតិ បានដល់ មិនធ្វើការប្រកាន់មាំថាខ្លួនដោយ អំណាចនៃអនត្តានុបស្សនា ។ បទថា និមិត្តំ ន ករោតិ បានដល់ មិន ធ្វើគ្រឿងសម្គាល់ ថាទៀង ដោយអំណាចនៃអនិច្ចានុបស្សនា ។ បទថា បណិធឹ ន ករោតិ បានដល់ មិនធ្វើសេចក្តីប្រាថ្នាដោយអំណាចនៃទុក្ខានុបស្សនា ។ វិមោក្ខទាំង ៣ នេះ ដោយបរិយាយ រមែងបានដោយអំណាចនៃតទង្គប្បហានក្នុងខណៈនៃវិបស្សនា តែដោយនិប្បរិយាយរមែងបានដោយអំណាច នៃសមុច្ឆេទប្បហានក្នុងខណៈនៃមគ្គ ។