អដ្ឋកថា គតិកថា
ឥឡូវនេះជាការពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ ដែលព្រះសារីបុត្តត្ថេរសម្តែងដល់ហេតុសម្បត្តិ ដែល ជាហេតុនៃការកើតវិមោក្ខនោះ ពោលទុកហើយ ។ សូម្បីឈានក៏មិនកើតឡើង ដល់អ្នកជាទុហេតុកបដិសន្ធិ ព្រោះព្រះបាលី ( ក្នុងធម្មបទ ) ថា នត្ថិ ឈានំ អប្បញ្ញាស្ស ការពិនិត្យ ( ឈាន ) មិនមានដល់បុគ្គល អ្នកមិនមានប្រាជ្ញា តើវិមោក្ខនឹងកើតបានដូចម្តេច ។ ក្នុងបទទាំងនោះ បទថា គតិសម្បត្តិយា បានដល់ គតិសម្បត្តិដែល បានដល់មនុស្សនិងទេវតា បណ្តាគតិ ៥ គឺនរក កំណើតតិរច្ឆាន បិត្តិវិស័យ មនុស្ស និងទេវតា ។ ដោយបទនេះ លោកបដិសេធគតិវិបត្តិ ៣ ខាងដើម ។ សម្បត្តិនៃគតិឈ្មោះថា គតិសម្បត្តិ អធិប្បាយថា សុគតិ ។ ម្យ៉ាងទៀត ខន្ធទាំងឡាយមួយអន្លើដោយឱកាស ឈ្មោះថា គតិ ។ ក្នុង គតិទាំង ៥ លោកកាន់យក សូម្បីអសុរកាយដោយសព្ទថា បិត្តិវិស័យ ។ កាមាវចរទេវតា ៦ ជាន់ និងព្រហ្មទាំងឡាយ ឈ្មោះថា ទេវា ។ សូម្បីពួកអសុរ លោកក៏សង្គ្រោះដោយសព្ទថា ទេវ ( នេះ ) ។ បទថា ញាណសម្បយុត្តេ បានដល់ ក្នុងខណៈបដិសន្ធិ ដែលសម្បយុត្តដោយ ញាណ ។ ពិតណាស់ សូម្បីខណៈក៏គប្បីជ្រាបថា លោកពោលដោយ វោហារនោះឯង ព្រោះប្រកបកម្មដែលសម្បយុត្តដោយញាណ ។ បទថា កតីនំ ហេតូនំ បានដល់ នៃហេតុប៉ុន្មានបណ្តាអលោភៈហេតុ អទោសៈហេតុ អមោហហេតុ ។ បទថា ឧបបត្តិ បានដល់ ការកើត អធិប្បាយថា ការកើតឡើង ។ ម្យ៉ាងទៀត ព្រោះសូម្បីកើតក្នុងត្រកូលសូទ្រៈ ក៏ជាតិហេតុកៈបានហេតុ នោះពាក្យសួរដំបូង ទើបសំដៅដល់តិហេតុកៈសត្វទាំងនោះ និងព្រោះ បុគ្គលមានបុណ្យច្រើន ដោយច្រើនកើតក្នុងត្រកូលមហាសាល ៣ ត្រកូល ហេតុនោះទើបពាក្យសួរមាន ៣ យ៉ាង ដោយអំណាចនៃត្រកូល ៣ ទាំងនោះ តែលោកសង្ខេបពាក្យទុក ។