យុគនទ្ធកថា

ក្បាលទី 58 · ទំព័រ 310

ខ្ញុំបានស្តាប់មកយ៉ាងនេះ សម័យមួយព្រះអានន្ទមានអាយុគង់ នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ ក្នុងទីនោះឯង ព្រះអានន្ទមានអាយុបានហៅពួកភិក្ខុថា ម្នាលអាវុសោទាំងឡាយ ។ ភិក្ខុទាំងនោះទទួល ស្តាប់ព្រះអានន្ទមានអាយុថា ករុណាអាវុសោ ។ ព្រះអានន្ទមានអាយុបាន ពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បព្វជិតណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី ព្យាករអរហត្តក្នុងសម្នាក់ខ្ញុំ ដោយមគ្គ ៤ សព្វគ្រប់ ឬដោយមគ្គ ទាំងនុ៎ះ មគ្គណាមួយ តើមគ្គទាំង ៤ ដូចម្តេចខ្លះ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនវិបស្សនា មាន សមថៈជាប្រធាន កាលភិក្ខុនោះចម្រើនវិបស្សនា មានសមថៈជាប្រធាន មគ្គរមែងកើតឡើង ភិក្ខុនោះឈ្មោះថា សេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គ នោះ កាលភិក្ខុនោះសេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះបង់ សញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនសមថៈ មានវិបស្សនាជាប្រធាន កាលភិក្ខុនោះចម្រើនសមថៈ មានវិបស្សនាជាប្រធាន មគ្គ ក៏កើតឡើង ភិក្ខុនោះឈ្មោះថា សេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈនិងវិបស្សនា កាលភិក្ខុនោះចម្រើនធម៌ដែលជាប់គ្នាជាគូ គឺសមថៈ និងវិបស្សនានោះ មគ្គក៏កើតឡើង ភិក្ខុនោះឈ្មោះថា សេព ចម្រើន ធ្វើឲ្យ ច្រើននូវមគ្គនោះ កាលភិក្ខុនោះសេព ចម្រើន ធ្វើឲ្យច្រើននូវមគ្គនោះ ភិក្ខុនោះក៏លះសញ្ញោជនៈទាំងឡាយ អនុស័យទាំងឡាយក៏វិនាស ។