អដ្ឋកថា ធម្មុទ្ធច្ចវារ និទ្ទេស

ក្បាលទី 58 · ទំព័រ 345

គប្បីជ្រាបវិនិច្ឆ័យក្នុងធម្មុទ្ធច្ចវារៈ ដូចតទៅនេះថា បទថា អនិច្ចតោ មនសិករោតោ ឱភាសោ ឧប្បជ្ជតិ សេចក្តីថា កាលភិក្ខុតាំងនៅក្នុងឧទយព្វយានុបស្សនា ពិចារណាឃើញនូវសង្ខារទាំងឡាយរឿយ ៗ ដោយអនុបស្សនា ៣ កាលវិបស្សនាញាណ ដល់នូវភាព ចាស់ក្លាហើយ មានចិត្តបរិសុទ្ធដោយការលះកិលេស ដោយតទង្គប្បហាន ឱភាសរមែងកើតតាមប្រក្រតី ដោយអានុភាពនៃវិបស្សនាញាណ ក្នុងខណៈ មនសិការៈដោយភាពជាសភាពមិនទៀង ដោយភាពជាទុក្ខ ឬដោយភាព មិនមែនតួខ្លួន ព្រោះហេតុនោះ ទើបលោកពោលដល់ឱភាសរបស់ភិក្ខុដែល មនសិការៈ ដោយភាពជាសភាវៈមិនទៀងមុន ។ ភិក្ខុមិនឈ្លាស ចម្រើនវិបស្សនា កាលឱភាសនោះកើតឡើងហើយ គិត ថា មុននេះ ឱភាសបែបនេះមិនធ្លាប់កើតឡើងដល់អញឡើយ អញជាបុគ្គល សម្រេចមគ្គ សម្រេចផលដោយពិត ទើបកាន់យកវត្ថុដែលមិនមែនមគ្គនោះ ឯង ថាជាមគ្គ វត្ថុដែលមិនមែនជាផលនោះឯង ថាជាផល ។ កាលភិក្ខុនោះកាន់យកវត្ថុដែលមិនមែនមគ្គ ថាជាមគ្គ វត្ថុដែលមិនមែន ផល ថាជាផល វិបស្សនាវិថីរមែងទៅខុសផ្លូវ ។ ភិក្ខុនោះលះវិបស្សនាវិថី របស់ខ្លួន អង្គុយដល់នូវការរាយមាយ ឬឲ្យការសម្គាល់ឱភាសនោះឯងដោយ ការសម្គាល់ដែលកើតអំពីតណ្ហា និងទិដ្ឋិ ។ ឱភាសនេះ សម្រាប់ភិក្ខុរូបខ្លះ កើតឡើងធ្វើត្រឹមតែទីអង្គុយប៉ុណ្ណោះ ឲ្យភ្លឺស្វាង សម្រាប់ភិក្ខុរូបខ្លះ ធ្វើខាងក្នុង បន្ទប់ឲ្យភ្លឺស្វាង សម្រាប់ភិក្ខុរូបខ្លះ ធ្វើទាំងខាងក្រៅបន្ទប់ឲ្យភ្លឺស្វាង សម្រាប់ភិក្ខុរូបខ្លះ ធ្វើបរិវេណវិហារ ១ គាវុត កន្លះយោជន៍ ១ យោជន៍ ២ យោជន៍ឲ្យភ្លឺស្វាង ។