បរិបុណ្ណកថានិទាន

ក្បាលទី 58 · ទំព័រ 359

ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សច្ចៈ ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ពាក្យថា នេះទុក្ខ ទុក្ខសច្ចៈនុ៎ះជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខសមុទ័យ ទុក្ខសមុទយសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់ មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថានេះទុក្ខនិរោធ ទុក្ខនិរោធសច្ចនុ៎ះ ជារបស់ពិត នុ៎ះជារបស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ពាក្យថា នេះទុក្ខនិរោធគាមិនីបដិបទា ទុក្ខនិរោធសច្ចៈនុ៎ះ ជារបស់ពិត នុ៎ះជា របស់មិនប្រែប្រួល នុ៎ះជារបស់មិនឃ្លៀងឃ្លាត ម្នាលភិក្ខុទាំងឡាយ សច្ចៈ ៤ នេះឯងជារបស់ពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត ។ ទុក្ខ ឈ្មោះថា សច្ចៈ ដោយអត្ថថា ជារបស់ពិត តើដូចម្តេច ។ អត្ថនៃទុក្ខរបស់ទុក្ខជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មាន ៤ យ៉ាងគឺ ទុក្ខ មានអត្ថថា បៀតបៀន ១ មានអត្ថថា បច្ច័យប្រជុំ តាក់តែង ១ មានអត្ថថា ក្តៅក្រហាយ ១ មានអត្ថថា ប្រែប្រួល ១ នេះ អត្ថនៃទុក្ខរបស់ទុក្ខ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត ទុក្ខឈ្មោះថា សច្ចៈ ដោយអត្ថថា ជារបស់ពិត យ៉ាងនេះឯង ។ សមុទ័យ ឈ្មោះថា សច្ចៈ ដោយអត្ថថា ជារបស់ពិត តើដូចម្តេច ។ អត្ថនៃសមុទ័យរបស់សមុទ័យជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត មាន ៤ យ៉ាងគឺ សមុទ័យមានអត្ថថា ប្រមូលមក ១ មានអត្ថថាជាហេតុ ១ មានអត្ថថា ប្រកបទុក ១ មានអត្ថថា កង្វល់ ១ នេះអត្ថនៃសមុទ័យ របស់សមុទ័យ ៤ យ៉ាង ជាសភាពពិត មិនប្រែប្រួល មិនឃ្លៀងឃ្លាត សមុទ័យ ឈ្មោះថា សច្ចៈ ដោយអត្ថថា ជារបស់ពិត យ៉ាងនេះឯង ។