អដ្ឋកថា សច្ចកថា

ក្បាលទី 58 · ទំព័រ 379

ឥឡូវនេះ នឹងពណ៌នាតាមលំដាប់សេចក្តី ដែលនៅមិនទាន់ ដែលមានព្រះសូត្រជាបទនាំ ដែលព្រះសារីបុត្តត្ថេរ សម្តែងដល់សភាវៈនៃសច្ចៈ ភាពវិសេសនៃការចាក់ធ្លុះសច្ចៈនិងការកំណត់ លក្ខណៈនៃសច្ចៈជាដើម ដោយអំណាចនៃអរិយមគ្គដែលជាគុណនៃធម៌គូគ្នា ពោលទុកហើយ ។ ក្នុងបទទាំងនោះ គប្បីជ្រាបវិនិច្ឆ័យក្នុងព្រះសូត្រមុន ដូចតទៅនេះថា បទថា តថានិ បានដល់ ជារបស់ពិតដោយសភាវៈពិត ។ ពិតណាស់ ធម្មជាតទាំងឡាយ ដែលជាសេចក្តីពិតនោះឯង ឈ្មោះថា សច្ចៈ ដោយ អត្ថថា ពិត ។ សភាពនៃសច្ចៈ ខ្ញុំពោលទុកហើយក្នុងកាលពណ៌នាបឋមញ្ញាណនិទ្ទេស ។ បទថា អវិតថានិ បានដល់ ប្រាសចាកការផ្ទុយគ្នាក្នុងសភាវៈ ដែល ពោលហើយ ។ សច្ចៈ ឈ្មោះថា មិនជាសច្ចៈ រមែងមិនមាន ។ បទថា អនញ្ញថានិ បានដល់ វៀរចាកសភាវៈដទៃ ។ វត្ថុដែលមិនជាសច្ចៈឈ្មោះ ថា ជាសច្ចៈ រមែងមិនមាន ។ បទថា ឥទំ ទុក្ខន្តិ ភិក្ខវេ តថមេតំ បានដល់ ម្នាលភិក្ខុទាំងឡាយ វត្ថុណាដែលពោលថា នេះជាទុក្ខ វត្ថុនេះឈ្មោះថា ជារបស់ពិត ព្រោះ មានសភាវៈពិត ។ ពិតណាស់ ទុក្ខ ក៏គឺទុក្ខ ។ ឈ្មោះថា អវិតថៈ ព្រោះមិនមានវត្ថុផ្ទុយគ្នា ក្នុងសភាវៈដូចពោលហើយ ។ វត្ថុដែលឈ្មោះថា មិនជាទុក្ខមិនមាន ។ ឈ្មោះថា អនញ្ញថៈ ព្រោះប្រាសចាកសភាពដទៃ ។ ពិតណាស់ ទុក្ខមិនមានសភាវៈជាសមុទយៈជាដើម ។ សូម្បីក្នុងសមុទយៈ ជាដើម ក៏មានន័យនេះដូចគ្នា ។