អដ្ឋកថា បឋមសុត្តន្ត និទ្ទេស
បទថា តថដ្ឋេន បានដល់ ដោយអត្ថតាមសេចក្តីពិត ។ បទថា បីឡនដ្ឋ ជាដើម មានសចេក្តីដូចពោលហើយក្នុងញាណកថានោះ ឯង ។ បទថា ឯកប្បដិវេធានិ មានវិគ្គហៈថា ឈ្មោះថា ឯកប្បដិវេធានិ ព្រោះអត្ថថា សច្ចៈទាំងនោះមានការចាក់ធ្លុះដោយមគ្គញ្ញាណមួយ ឬមានការចាក់ធ្លុះព្រមគ្នា ។ បទថា អនត្តដ្ឋេន បានដល់ ដោយភាពជា អនត្តា ព្រោះសច្ចៈទាំង ៤ ប្រាសចាកតួខ្លួន ។ ដូចដែលលោកពោលទុក ក្នុងវិសុទ្ធិមគ្គថា ដោយបរមត្ថសច្ចៈទាំងអស់នោះឯង គប្បីជ្រាបថា ទទេ ព្រោះមិនមានអ្នកសោយ អ្នកធ្វើ អ្នករលត់ និងអ្នកទៅ ដោយហេតុនោះ ទើបលោកពោលថា សេចក្តីពិត ទុក្ខបុណ្ណោះមាន បុគ្គលណាមួយជាអ្នកកើតទុក្ខ មិនមាន ការធ្វើមាន បុគ្គលអ្នកធ្វើមិនមាន ការរលត់មាន បុគ្គលអ្នករំលត់មិនមាន ផ្លូវមាន បុគ្គលអ្នកដើរមិនមាន ។ ម្យ៉ាងទៀត សភាពទទេក្នុងសច្ចៈទាំង ៤ នោះ គប្បីជ្រាបដូច្នេះគឺ សច្ចៈ ២ ខាងដើម ទទេចាកការទៀង ការស្អាត សុខនិងតួខ្លួន អមតបទ ( និរោធ ) ទទេចាកភាពជាតួខ្លួន មគ្គប្រាសចាក ការទៀង សុខនិងតួខ្លួន ។ បទថា សច្ចដ្ឋេន បានដល់ ដោយភាពមិនខុសចាកសេចក្តីពិត ។ បទថា បដិវេធដ្ឋេន បានដល់ ដោយសភាវៈគប្បីចាក់ធ្លុះក្នុងខណៈនៃមគ្គ ។ បទថា ឯកសង្គហិតានិ បានដល់ សង្គ្រោះដោយអត្ថនីមួយៗ មានភាពជា របស់ពិតជាដើម អធិប្បាយថា ដល់នូវការរាប់ថា មួយ ។ បទថា យំ ឯកសង្គិតំ តំ ឯកត្តំ សេចក្តីថា ព្រោះលោកសង្គ្រោះដោយអត្ថ ១ ហេតុ នោះទើបមានសភាវៈជាធម៌មួយ ។