សាវត្ថីនិទាន

ក្បាលទី 58 · ទំព័រ 436

សាវត្ថីនិទាន ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិដែលបុគ្គលបានសេព អប់រំ ធ្វើឲ្យច្រើន ឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង តម្កល់មាំ សន្សំដោយ ហ្មត់ចត់ ប្រារព្ធល្អហើយ នឹងមានអានិសង្ស ១១ ជាប្រាកដ អានិសង្ស ទាំង ១១ តើដូចម្តេចខ្លះ គឺមេត្តាវិហារិបុគ្គល រមែងដេកលក់ស្រួល ១ ភ្ញាក់ឡើងស្រួល ១ មិនយល់សប្តអាក្រក់ ១ ជាទីស្រឡាញ់នៃមនុស្ស ទាំងឡាយ ១ ជាទីស្រឡាញ់នៃអមនុស្សទាំងឡាយ ១ ពួកទេវតាតែង រក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី រមែងមិនប៉ះពាល់ ១ បុគ្គល នោះតម្កល់ចិត្តនៅនឹងដ៏ឆាប់រហ័ស ១ មានសម្បុរមុខស្រស់បស់ ១ មិន វង្វេងធ្វើមរណកាល ១ កាលបើមិនទាន់បានត្រាស់ដឹងនូវមគ្គផលទេ គង់ បានទៅកើតឯព្រហ្មលោក ១ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិដែល បុគ្គលបានសេព អប់រំ ធ្វើឲ្យចម្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យដូចជាទីតាំង តម្កល់មាំ សន្សំដោយហ្មត់ចត់ ប្រារព្ធល្អហើយ តែងមានអានិសង្ស ១១ នេះឯងជាប្រាកដ ។ មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែកក៏មាន មេត្តាចេតោវិមុត្តិផ្សាយដោយចំណែកក៏មាន មេត្តាចេតោវិមុត្តិផ្សាយកាន់ទិសទាំងឡាយ ក៏មាន ។ មេត្តាចេតោវិមុត្តិ ផ្សាយដោយមិនមានចំណែក ដោយ អាការបុន្មាន មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការបុន្មាន មេត្តាចេតោវិមុត្តិផ្សាយកាន់ទិសទាំងឡាយ ដោយអាការបុន្មាន ។ មេត្តាចេតោវិមុត្តិផ្សាយដោយមិនមានចំណែក ដោយអាការ ៥ មេត្តាចេតោវិមុត្តិ ផ្សាយដោយចំណែក ដោយអាការ ៧ មេត្តាចេតោវិមុត្តិ ផ្សាយកាន់ទិស ទាំងឡាយ ដោយអាការ ១០ ។