បដិសម្ភិទាកថា
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគទ្រង់ត្រាស់នឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អន្តធម៌ ( ធម៌ជាទីបំផុត ឬធម៌អម ) ពីរនេះ បព្វជិតមិនគួរសេពគប់ ឡើយ ។ អន្តធម៌ពីរតើដូចម្តេច សេចក្តីព្យាយាមប្រកបខ្លួនទុកក្នុងកាមសុខ ក្នុងវត្ថុកាមទាំងឡាយ ( កាមសុខល្លិកានុយោគ ) ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិន ប្រកបដោយប្រយោជន៍ ១ សេចក្តីព្យាយាមប្រកបខ្លួនឲ្យលំបាក ( អត្តកិលមថានុយោគ ) ជាធម៌នាំមកនូវទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ ឯមជ្ឈិមាបដិបទា ( សេចក្តីប្រតិបត្តិជាកណ្តាល ) មិនប៉ះពាល់នូវអន្តធម៌ ទាំងពីរនុ៎ះទេ តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យ កើតញាណ ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់ ( កិលេស ) ដើម្បីស្គាល់ ( នូវអរិយសច្ច ) ដើម្បីត្រាស់ដឹង ( នូវអរិយសច្ច ) ដើម្បីនិព្វាន ។ ម្នាលភិក្ខុទាំងឡាយ ចុះមជ្ឈិមាបដិបទានោះ ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ទាំងធ្វើឲ្យកើតញាណប្រព្រឹត្តទៅដើម្បី រម្ងាប់ ដើម្បីស្គាល់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន តើដូចម្តេច អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង គឺសេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះ ត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការ ព្យាយាមត្រូវ ១ ស្មារតីត្រូវ ១ ការតម្កល់ចិត្តត្រូវ ១ ( ឈ្មោះថា មជ្ឈិមាបដិបទា ) ។