អត្ថរបស់ ឧឡារ សព្ទ
រោ លោកពោលថា ឧឡារ មកក្នុងអត្ថថា ឆ្ងាញ់ ដូចក្នុងប្រយោគជាដើម ថា ឧឡារានិ ឧឡារានិ ខាទនីយានិ ខាទន្តិ ចួនកាលទំពាស៊ីនូវ ខាទនីយៈទាំងឡាយដ៏ឧត្តមក្រៃលែង ។ លោកពោលថា ឧឡារ មកក្នុង អត្ថថាប្រណីត ដូចក្នុងប្រយោគជាដើមថា ឧឡារាយ វត្ថភោគាយ ចិត្តំ ន នមតិ ចិត្តមិនឱនទៅដើម្បីប្រើប្រាស់នូវសំពត់ដ៏ថ្លៃថ្លា ។ លោកពោល ថា ឧឡារ មកក្នុងអត្ថថា ប្រសើរ ដូចក្នុងប្រយោគជាដើមថា ឧឡារាយ ខលុ ភវំ វច្ឆាយនោ សមណំ គោតមំ បសំសាយ បសំសតិ ម្តេចក៏វច្ឆាយនៈដ៏ចម្រើន ពោលសរសើរព្រះសមណគោតម ដោយពាក្យ សរសើរដ៏ខ្ពង់ខ្ពស់ដល់ម្លេះ ។ តែក្នុងទីនេះលោកពោលថា ឧឡារ ដោយ អត្ថថា បរិបូរ ។ បទថា ឱភាសោ បានដល់ ពន្លឺកើតដោយអានុភាពនៃទេសនាញាណ និងទេវានុភាព ។ បទថា លោកេ បានដល់ ក្នុងម៉ឺនចក្កវាឡនោះឯង ។ បទថា អតិក្កម្មេវ ទេវានំ ទេវានុភាវំ បានដល់ អានុភាពរបស់ ទេវតាទាំងឡាយប្រាកដដូច្នេះ រស្មីសំពត់ដែលស្លៀក ផ្សាយទៅ ១២ យោជន៍ អានុភាពរបស់សរីរៈ គ្រឿងប្រដាប់និងវិមានក៏យ៉ាងនោះ ពន្លឺ ឈានកន្លងទេវានុភាពរបស់ទេវតាទាំងឡាយ ។ បទថា ឧទានំ បានដល់ ព្រះតម្រាស់ដែលបន្លឺចេញមកសម្រេចដោយសោមនស្សញ្ញាណ ។ បទថា ឧទានេសិ បានដល់ ទ្រង់បន្លឺ ។ ព្រះសូរសៀងដែលបន្លឺឧទាននេះថា អញ្ញាសិ វត ភោ កោណ្ឌញ្ញោ ផ្សាយទៅអស់ម៉ឺនលោកធាតុ ។ បទថា អញ្ញាកោណ្ឌញ្ញោ សេចក្តីថា កោណ្ឌញ្ញៈ ត្រាស់ដឹងហើយយ៉ាងប្ររសីរ ។ [ ៧៣-៧៥ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ទស្សនដ្ឋេន ជាដើម ក្នុង និទ្ទេសនៃចក្ខុជាដើមដូចតទៅនេះថា ញាណមួយនោះឯង ឈ្មោះថា ចក្ខុ ព្រោះធ្វើកិច្ចដោយការឃើញ ដូចចក្ខុរបស់សត្វដែលគប្បីណែនាំ តាមដែល បានពោលហើយ ។