អដ្ឋកថា សច្ចវារ
បទថា សច្ចេ សមុបគតា បានដល់ កើតរួមគ្នាក្នុងទុក្ខសច្ចៈ ដោយកំណត់ដឹងទុក្ខ ។ បទថា ឋិតា បតិដ្ឋិតា ក្នុងសច្ចៈនោះ ក៏យាងនោះឯង ។ ឥឡូវនេះព្រះសារីបុត្តត្ថេរ បំណងនឹងសម្តែងធម្មចក្ក ដែល ពោលថា បវត្តិតេ ច ភកវតា ធម្មចក្កេ ដូច្នេះ ទើបពោលពាក្យថា ធម្មចក្កំ ជាដើម ។ ក្នុងបទថា ធម្មចក្កំ នោះធម្មចក្កមាន ២ យ៉ាងគឺ បដិវេធធម្មចក្កនិងទេសនាធម្មចក្ក ។ បដិវេធធម្មចក្កកើតឡើងត្រង់ពោធិ- បល្ល័ង្ក ទេសនាធម្មចក្កកើតឡើងត្រង់ឥសិបតនមិគទាយវ័ន ។ បទថា ធម្មញ្ច បវត្តេតិ ចក្កញ្ច លោកពោលដល់បដិវេធធម្មចក្ក ។ បទថា ចក្កញ្ច បវត្តេតិ ធម្មញ្ច លោកពោលដល់ទេសនាធម្មចក្ក ។ សេចក្តីនេះដូចម្តេច ព្រះមានព្រះភាគគង់នៅលើពោធិបល្ល័ង្ក ញ៉ាំងធម៌មាន ប្រភេទជាដើមថា ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈនិងអង្គនៃមគ្គ ឲ្យប្រព្រឹត្តទៅក្នុង ខណៈនៃមគ្គ ធម៌នោះឯង ឈ្មោះថា ចក្ក ព្រោះដូចចក្ក សម្រាប់ ប្រហារ ដោយបង្វិលទៅដើម្បីសម្លាប់សត្រូវ គឺកិលេស ។ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងចក្ក គឺធម៌ឲ្យប្រព្រឹត្តទៅ ឈ្មោះថា ទ្រង់ញ៉ាំងចក្កនោះឲ្យ ប្រព្រឹត្តទៅ ។ ដោយបទនោះ ឈ្មោះថា ពោលជាកម្មធារយសមាសថា ចក្ក គឺធម៌ ។ ព្រះមានព្រះភាគទ្រង់គង់ត្រង់ឥសិបតនមិគទាយវ័ន ទ្រង់ ញ៉ាំងចក្ក គឺទេសនា ដែលដូចគ្នានឹងកងចក្កសម្រាប់ប្រហារ ឲ្យប្រព្រឹត្តទៅ ដោយបង្វិលទៅដើម្បីសម្លាប់សត្រូវ គឺកិលេសក្នុងសន្តាន របស់វេនេយ្យសត្វ នឹងញ៉ាំងចក្ក គឺធម៌ដែលមានប្រភេទជាដើមថា ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ អង្គនៃមគ្គ ឲ្យប្រព្រឹត្តទៅ ក្នុងសន្តានរបស់វេនេយ្យសត្វ ។