អដ្ឋកថា ពលកថា
ឥឡូវនេះនឹងពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ពណ៌នា ក្នុងពលកថា ដែលមានព្រះសូត្រជាបទនាំ ដែលជាប្រយោជន៍ដល់លោកុត្តរកថា ដែលព្រះសារីបុត្តត្ថេរពោលទុក បន្ទាប់អំពីលោកុត្តរកថា ។ ក្នុង ពលកថានោះ ព្រះសារីបុត្តត្ថេរ កាលសម្តែងពលៈ ៥ ដោយព្រះសូត្រអំពី ខាងដើម ហើយបំណងនឹងសម្តែងពលៈ សូម្បីដទៃពីពលៈ ៥ នោះ ទើប ពោលពាក្យថា អបិច អដ្ឋសដ្ឋិ ពលានិ ជាដើម ។ សូម្បីពលៈ ៦៨ ទាំងអស់ក៏ឈ្មោះថា ពលៈ ព្រោះអត្ថថា មិនញាប់ញ័រ ដោយភាវៈផ្ទុយគ្នា នឹងពលៈនោះ ៗ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ហិរិពលំ ជាដើម ដូចតទៅនេះថា ឈ្មោះ ថា ហិរិ ព្រោះជាហេតុឲ្យសត្វខ្មាសចំពោះបាប ។ ពាក្យនោះ ជាឈ្មោះ របស់សេចក្តីខ្មាស ។ ឈ្មោះថា ឱត្តប្បៈ ព្រោះជាហេតុឲ្យសត្វខ្លាចចំពោះ បាប ។ ពាក្យនោះ ជាឈ្មោះរបស់សេចក្តីតក់ស្លុតចំពោះបាប ។ ហិរិមាន វត្ថុខាងក្នុងជាសមុដ្ឋាន ឱត្តប្បៈមានវត្ថុខាងក្រៅជាសមុដ្ឋាន ។ ហិរិមានខ្លួន ជាធំ ឱត្តប្បៈមានលោកជាធំ ។ ហិរិតាំងនៅក្នុងសភាពដែលខ្មាស ឱត្តប្បៈ តាំងនៅក្នុងសភាពដែលខ្លាច ។ ហិរិមានសេចក្តីគោរពជាលក្ខណៈ ឱត្តប្បៈ មានការឃើញភ័យរបស់បុគ្គលខ្លាចទោសជាលក្ខណៈ ។ ហិរិនោះឯង ឈ្មោះ ថា ហិរិពលៈ ព្រោះមិនញាប់ញ័រដោយការមិនមានហិរិ ។ ឱត្តប្បៈនោះឯង ឈ្មោះថា ឱត្តប្បពលៈ ព្រោះមិនញាប់ញ័រដោយការមិន មានឱត្តប្បៈ ។ ឈ្មោះថា បដិសង្ខានពល ព្រោះមិនញាប់ញ័រ ដោយការមិនពិចារណា ។ បទនេះ ជាឈ្មោះរបស់បញ្ញាដែលចូលទៅពិចារណា ។ ពលៈដែលកើតឡើងដល់ព្រះយោគាវចរអ្នកចម្រើនពោជ្ឈង្គៈ ៧ ដោយ សេចក្តីព្យាយាមជាគោល ឈ្មោះថា ភាវនាពលៈ ។