ឥទិ្ធកថា
ឫទ្ធិ ប្រែថាដូចម្តេច ឫទ្ធិមានប៉ុន្មាន ឫទ្ធិមានភូមិបុន្មាន មាន បាទបុន្មាន មានបទបុន្មាន មានមូលបុន្មាន ។ ត្រង់សំនួរថា ឫទ្ធិប្រែថាដូចម្តេច ចម្លើយថា ឫទ្ធិប្រែថាការសម្រេច ។ ត្រង់សំនួរថា ឫទ្ធិមានបុន្មាន ចម្លើយថា ឫទ្ធិមាន ១០ ឫទ្ធិមានភូមិ ៤ មានបាទ ៤ មានបទ ៨ មានមូល ១៦ ។ ឫទ្ធិ ១០ តើដូចម្តេច ។ ឫទ្ធិ គឺការអធិដ្ឋាន ( អធិដ្ឋានឥទ្ធិ ) ១ ឫទ្ធិ គឺការធ្វើឲ្យប្លែក ( វិកុព្វនឥទ្ធិ ) ១ ឫទ្ធិសម្រេចអំពីចិត្ត ( មនោមយឥទ្ធិ ) ១ ឫទ្ធិ គឺការផ្សាយចេញនៃញាណ ( ញាណវិប្ផារឥទ្ធិ ) ១ ឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ( សមាធិវិប្ផារឥទ្ធិ ) ១ ឫទ្ធិ គឺ ភាពអ្នកខ្ពង់ខ្ពស់ ( អរិយឥទ្ធិ ) ១ ឫទ្ធិកើតអំពីផលកម្ម ( កម្មវិបាកជឥទ្ធិ ) ១ ឫទ្ធិរបស់បុគ្គលអ្នកមានបុណ្យ ( បុញ្ញវន្តឥទ្ធិ ) ១ ឫទ្ធិ សម្រេចអំពីវិជ្ជា ( វិជ្ជាមយឥទ្ធិ ) ១ ឫទ្ធិ ដោយអត្ថថា សម្រេច ព្រោះ បច្ច័យនៃការប្រកបត្រូវក្នុងកិច្ចនោះៗ ( ឥជ្ឈនដ្ឋឥទ្ធិ ) ១ ។ ឫទ្ធិមានភូមិ ៤ តើដូចម្តេច ។ ភូមិជាទីកើតនៃវិវេក គឺ បឋមជ្ឈាន ១ ភូមិជាទីកើតនៃបីតិនិងសុខៈ គឺទុតិយជ្ឈាន ១ ភូមិជាទីកើត នៃឧបេក្ខានិងសុខៈ គឺតតិយជ្ឈាន ១ ភូមិជាទីកើតនៃវេទនាមិនទុក្ខមិនសុខ គឺចតុត្ថជ្ឈាន ១ នេះឯងភូមិទាំង ៤ របស់ឫទ្ធិ ប្រព្រឹត្តទៅដើម្បីបាននូវ បឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ ដើម្បីការធ្វើឲ្យប្លែកនៃឫទ្ធិ ដើម្បីបង្ហូរទៅនៃ បឫទ្ធិ ដើម្បីភាពនៃការស្ទាត់ក្នុងឫទ្ធិ ដើម្បីសេចក្តីក្លៀវក្លាក្នុងឫទ្ធិ ។