អដ្ឋកថា ទសឥទ្ធិនិទ្ទេស

ក្បាលទី 58 · ទំព័រ 737

ព្រះសារីបុត្តត្ថេរ លុះសម្តែងធម៌ដែលជាភូមិ បាទ បទនិង មូលនៃឫទ្ធិយ៉ាងនេះហើយ ឥឡូវនេះកាលនឹងសម្តែងដល់ឫទ្ធិទាំងនោះ ទើប ពោលពាក្យថា កតមា អធិដ្ឋានា ឥទ្ធិ ជាដើម ។ ក្នុងបទនោះ ខ្ញុំ ពោលអត្ថនៃបទឧទ្ទេសទុកក្នុងឥទ្ធិវិធញ្ញាណនិទ្ទេសហើយ ។ បទថា ឥធ ភិក្ខុ បានដល់ ភិក្ខុក្នុងសាសនានេះ ។ ដោយបទនោះ លោកសម្តែង ដល់ការមិនមានអ្នកសម្តែងឫទ្ធិបានដោយប្រការទាំងពួង ទុកក្នុងលទ្ធិដទៃ ។ និទ្ទេសនៃបទទាំងពីរនេះ មានអត្ថដូចដែលខ្ញុំបានពោលទុកហើយ ។ ម្យ៉ាងទៀត ដោយបទនោះៗឯង ជាការពោលដល់ភិក្ខុដែលប្រកបហើយដោយធម៌ ដែលជាភូមិ បាទ បទ និងមូលនៃឫទ្ធិ ជាការពោលដល់ភាពដែលចិត្តត្រូវ ទូន្មានហើយដោយអាការ ១៤ ឬ ១៥ ដូចពោលហើយក្នុងវិសុទ្ធិមគ្គ និង ជាការពោលដល់ភាពជាអ្នកមានចិត្តទន់ គួរដល់ការងារដោយអំណាចនៃការចូល ដល់ភាពជាធំដទៃ ៗ មានឆន្ទៈជាដើម និងដោយអំណាចវសី មានអាវជ្ជនវសីជាដើម ។ ភិក្ខុអ្នកដល់ព្រមដោយការប្រកបខាងដើម ដែលមាន កម្លាំង ជាអ្នកមានគុណ មានអភិញ្ញាជាដើម ដោយការបានចំពោះនូវព្រះអរហត្ត ដោយការដល់ព្រមនៃការប្រកប ជាខាងដើមនោះឯង ជាអ្នកប្រកប ព្រមហើយដោយធម៌ទាំងឡាយ មានភូមិជាដើម ព្រោះហេតុនោះទើបលោក ពោលដល់ភិក្ខុនោះ ។ បទថា ពហុកំ អាវជ្ជតិ បានដល់ ភិក្ខុចូលចតុត្ថជ្ឈានដែលជាបាទនៃ អភិញ្ញា មានបឋវីកសិណជាអារម្មណ៍ លុះចេញហើយ បើប្រាថ្នាជា ១០០ នាក់ រមែងនឹកដោយធ្វើបរិកម្មថា អាត្មាអញចូរជា ១០០ នាក់ អាត្មាអញ ចូរជា ១០០ នាក់ ដូច្នេះ ។ បទថា អាវជ្ជិត្វា ញាណេន អធិដ្ឋាតិ បានដល់ ធ្វើបរិកម្មយ៉ាងនេះហើយ អធិដ្ឋានដោយអភិញ្ញាញាណ ។