អដ្ឋកថា អភិសមយកថា
ឥឡូវនេះជាពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ ពោលក្នុងអភិសមយកថា ដែលព្រះសារីបុត្តត្ថេរ កាលសម្តែងអភិសម័យ ដែលជាឫទ្ធិយ៉ាងក្រៃលែង ពោលទុកហើយបន្ទាប់អំពីឥទ្ធិកថា ។ ក្នុងបទទាំងនោះ បទថា អភិសមយោ បានដល់ ដល់ព្រមដោយធម៌ ជាប្រធាននៃសច្ចៈទាំងឡាយ អធិប្បាយថា ចាក់ធ្លុះ អាចារ្យពួកខ្លះពោល ថា ការត្រាស់ដឹងអត្ថ ។ បទថា កេន អភិសមេតិ មានអធិប្បាយទុក ដូចម្តេច សភាពណាដែលលោកពោលថា ការត្រាស់ដឹង ក្នុងបទនៃព្រះសូត្រ ( សំយុត្តនិកាយនិទានវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ ការត្រាស់ដឹង ធម៌ មានប្រយោជន៍ច្រើនយ៉ាងនេះ ដូច្នេះជាដើម កាលការត្រាស់ដឹង នោះប្រព្រឹត្តទៅ បុគ្គលអ្នកត្រាស់ដឹងរមែងត្រាស់ដឹងសច្ចៈ គឺបែរមុខចំពោះ បានដល់ ប្រជុំព្រម អធិប្បាយថា ចាក់ធ្លុះដោយធម៌អ្វី នេះជាពាក្យសួរ របស់អ្នកចោទ ។ បទថា ចិត្តេន អភិសមេតិ បានដល់ ឆ្លើយយ៉ាងនោះ ព្រោះវៀរចិត្ត ចេញហើយ មិនមានការត្រាស់ដឹង ។ បទថា ហញ្ចិ ជាដើម ជាការសួរ ទៀត ។ ហញ្ចិ មានអត្ថថា បើ ។ ព្រោះលោកពោលថា ដោយចិត្ត ទើបអ្នកចោទសួរពោលថា ដូច្នោះ បុគ្គលមិនមានញាណក៏ត្រាស់ដឹង ។ បទថា ន អញ្ញាណី អភិសមេតិ ជាការបដិសេធព្រោះមិនមានការត្រាស់ ដឹងដោយត្រឹមតែចិត្តប៉ុណ្ណោះ ។ បទថា ញាណេន អភិសមេតិ ជាការទទួល ។ បទថា ហញ្ចិ មួយបទទៀតជាដើម ជាការសួរថា បុគ្គលមិន មានញាណ មិនមានចិត្តរមែងត្រាស់ដឹងបាន ព្រោះលោកពោលថា ដោយ ញាណ ។ បទថា ន អចិត្តកោ អធិសមេតិ ជាការបដិសេធ ព្រោះ បុគ្គលមិនមានចិត្តត្រាស់ដឹងមិនបាន ។