បាដិហារិយកថា

ក្បាលទី 58 · ទំព័រ 840

ម្នាលភិក្ខុទាំងឡាយ បាដិហារ្យនេះមាន ៣ ។ បាដិហារ្យ ៣ គឺអ្វីខ្លះ គឺឥទ្ធិប្បាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិប្បាដិហារ្យ តើដូចម្តេច ម្នាល ភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ សម្តែងនូវឫទ្ធិបានច្រើនប្រការ គឺមនុស្សម្នាក់ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ធ្វើឲ្យទៅជាម្នាក់ វិញក៏បាន ដើរទម្លុះទៅកាន់ទីវាល ទីខាងក្រៅ ។ បេ ។ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកក៏បាន ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ឥទ្ធិប្បាដិហារ្យ ។ ម្នាលភិក្ខុទាំងឡាយ អាទេសនាបាដិហារ្យ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះទាយដោយនិមិត្តថា មនោ របស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ បើបុគ្គលនោះទាយឲ្យច្រើន ការទាយនោះក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយក្នុងលោកនេះ មិនទាយដោយនិមិត្តទេ គ្រាន់តែឮសំឡេងមនុស្ស ឬអមនុស្ស ឬទេវតា ហើយក៏ទាយថាមនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នកមានប្រការដូច្នេះ ខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ បើទុកជាបុគ្គលនោះទាយឲ្យច្រើន ការទាយនោះ ក៏នៅតែយ៉ាងនោះដដែល គ្មានប្លែកទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកមួយក្នុងលោកនេះ មិនទាយដោយនិមិត្តទេ ទាំងមិនបានឮសំឡេង មនុស្ស ឬអមនុស្ស ឬទេវតាហើយទាយទេ តែបានឮសំឡេងនៃការត្រិះរិះ ឬការពិចារណារបស់បុគ្គលកំពុងត្រិះរិះ ឬកំពុងពិចារណា ហើយក៏ទាយថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នកមានប្រការដូច្នេះខ្លះ ចិត្តរបស់ អ្នកដូច្នេះខ្លះ ប្រសិនបើបុគ្គលនោះទាយឲ្យច្រើន ការទា