និទានកថា
ព្រោះខ្ញុំបានប្តេជ្ញាហើយថា ធម៌ដ៏កំពូលនេះ អ្នកណាពោល ពោល ក្នុងទីណា ពោលក្នុងកាលណា ខ្ញុំនឹងពណ៌នាអត្ថ ដូច្នេះ កិច្ចពណ៌នាអត្ថនៃ អបទាននេះ កាលខ្ញុំសម្តែងនិទានទាំង ៣ នេះ គឺ ទូរេនិទាន ១ អវិទូរេនិទាន ១ សន្តិកេនិទាន ១ ហើយពណ៌នា និងធ្វើឲ្យយល់បានជាក់ច្បាស់ ព្រោះអ្នកស្តាប់អបទាននោះ ជ្រាបរឿងមកតាំងអំពីដើម ព្រោះហេតុនោះ ខ្ញុំ នឹងសម្តែងនិទានទាំងនោះហើយ ទើបពណ៌នាអបទាននោះតទៅ ។ បណ្តានិទានទាំងនោះ ជាបឋម គប្បីជ្រាបបរិច្ឆេទរបស់និទានទាំងនោះ ជាមុនសិន ។ កថាមគ្គដែលពោលរឿងតាំងអំពីព្រះមហាសត្វសន្សំអភិនីហារ ទៀបបាទមូលនៃព្រះពុទ្ធទីបង្ករ រហូតដល់ចុតិចាកអត្ថភាពជាព្រះវេស្សន្តរ ទៅកើតក្នុងស្ថានសួគ៌ជាន់តុសិត ចាត់ជា ទូរេនិទាន ។ កថាមគ្គដែលផ្តើម តាំងអំពីចុតិចាកស្ថានសួគ៌ជាន់តុសិត រហូតដល់សម្រេចសព្វញ្ញុតញ្ញាណ ត្រង់មណ្ឌលពោធិព្រឹក្ស ចាត់ជា អវិទូរេនិទាន ។ ឯ សន្តិកេនិទាន បាន ដល់ រឿងដែលមានឡើង កាលព្រះមានព្រះភាគគង់នៅក្នុងទីនោះៗ មាន រឿងកើតឡើងក្នុងទីនោះៗ ដូច្នេះ ។