ទូរេនិទានកថា
ទូរេនិទាន ក្នុងនិទានទាំងនោះ ឈ្មោះថា ទូរេនិទាន មានដូចតទៅ បានឮថា ក្នុងទីបំផុត ៤ អសង្ខេយ្យ និង ១ សែនកប្ប រាប់អំពី ភទ្ទកប្បនេះទៅ មាននគរមួយឈ្មោះអមរវតី ក្នុងនគរនោះ មានព្រាហ្មណ៍ ឈ្មោះសុមេធនៅអាស្រ័យ សុមេធមានកំណើតល្អទាំង ២ ចំណែក គឺ ចំណែកខាងមាតា និងខាងបិតា មានគភ៌បរិសុទ្ធរាប់បាន ៧ តំណត្រកូល មិនមានបុគ្គលណាម្នាក់ជំទាស់ ឬត្រូវពោលដល់រឿងជាតិបាន ជាអ្នកមាន រូបស្អាត គួរគយគន់ គួរជ្រះថ្លា ប្រកបដោយពណ៌សម្បុរដ៏វិចិត្រក្រៃលែង មិនធ្វើការងារដទៃឡើយ សិក្សាតែសិប្បៈរបស់ព្រាហ្មណ៍បុណ្ណោះ ។ មាតាបិតា របស់សុមេធអនិច្ចកម្ម តាំងអំពីសុមេធនៅក្មេង បន្ទាប់មក នាយឃ្លាំង ដែលចាត់ចែកគំនរទ្រព្យរបស់សុមេធ នាំបញ្ជីទ្រព្យទាំងអស់មកឲ្យមើល បើកបន្ទប់ដែលពេញដោយមាស ប្រាក់ កែវមណី និងកែវមុក្តាជាដើម រួច ប្រាប់ឲ្យជ្រាបដល់ទ្រព្យទាំង ៧ ជួរ ត្រកូលថា បពិត្រកុមារ ទ្រព្យបុណ្ណេះ ជារបស់មាតា បុណ្ណេះជារបស់បិតា បុណ្ណេះជារបស់ជីតា និងតាទួត ហើយ ប្រាប់ថា សូមលោកម្ចាស់គ្រប់គ្រង ទ្រព្យមានប្រមាណបុណ្ណេះចុះ សុមេធ បណ្ឌិតគិតថា បិតា និងជីតាជាដើមរបស់អញ សន្សំទ្រព្យនេះទុកហើយ កាលទៅកាន់បរលោក មិននាំយកទ្រព្យ សូម្បីតែមួយកហាបណៈទៅបាន អញគួរធ្វើហេតុឲ្យនាំទ្រព្យទៅបាន ទើបក្រាបទូលដល់ព្រះរាជាឲ្យវាយស្គរ ប្រកាសក្នុងព្រះនគរ ឲ្យទានដល់មហាជនហើយ បួសជាតាបស ។ គប្បីឲ្យ អត្ថនេះជាក់ច្បាស់ គួរពោលសុមេធកថា ក្នុងទីនេះផងដែរ ។ តែសុមេធកថា