សុរុចិព្រាហ្មណកថា

ក្បាលទី 59 · ទំព័រ 76

ឯអ្នករម្មនគរកាលចូលទៅកាន់នគរហើយ បានថ្វាយមហាទានដល់ភិក្ខុ សង្ឃ មានព្រះពុទ្ធជាប្រធាន ព្រះសាស្តាទ្រង់បានសម្តែងធម៌ដល់ពួកជនទាំងនោះ ឲ្យមហាជនតាំងនៅក្នុងសរណៈជាដើម ហើយយាងចេញអំពីរម្មនគរទៅ ។ បន្ទាប់អំពីនោះ ទ្រង់តាំងនៅដរាបដល់អស់ព្រះជន្មាយុ ទ្រង់ធ្វើពុទ្ធកិច្ចគ្រប់យ៉ាង ហើយបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុដោយលំដាប់ ។ ពាក្យទាំងអស់ ដែលគួរពោលក្នុងរឿងនោះ គប្បីជ្រាបដោយពិស្តារតាមន័យ ដែលពោលក្នុងពុទ្ធវង្សនោះឯង ។ សមដូចព្រះតម្រាស់ដែលត្រាស់ក្នុង ពុទ្ធវង្សនោះថា គ្រានោះ ពួកឧបាសក ឧបាសិកាទាំងនោះ ញ៉ាំងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់រួចហើយក៏ ដល់នូវព្រះសាស្តា ទីបង្ករនោះជាទីពឹង ។ ព្រះតថាគត ទ្រង់ញ៉ាំងបុគ្គល ខ្លះ ឲ្យតម្កល់នៅក្នុងសរណគមន៍ ញ៉ាំងបុគ្គលខ្លះឲ្យតាំងនៅក្នុង សីល ៥ ញ៉ាំងបុគ្គលដទៃទៀត ឲ្យតម្កល់នៅក្នុងសីល ១០ ។ ព្រះអង្គទ្រង់ប្រទានមគ្គដល់បុគ្គលខ្លះ ប្រទានផលដ៏ ឧត្តមទាំង ៤ ដល់បុគ្គលខ្លះ ប្រទានបដិសម្ភិទា ជាធម៌ឥត មានអ្វីស្មើដល់បុគ្គលខ្លះ ។ ព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់ ប្រទានសមាបត្តិ ៨ ដ៏ប្រសើរ ដល់បុគ្គលខ្លះ ប្រទានវិជ្ជា ៣ ដល់បុគ្គលខ្លះ អភិញ្ញា ៦ ដល់បុគ្គលខ្លះ ។ ព្រះមហាមុនី ទ្រង់ទូន្មានពួកជន ដោយន័យជាគ្រឿងប្រកបនោះ ព្រោះ ហេតុនោះ បានជាសាសនានៃព្រះលោកនាថ ជាគុណជាត ដ៏ធំទូលាយ ។ ព្រះពុទ្ធព្រះនាមទីបង្ករ មានព្រះហនុកា ( ដូច ព្រះចន្ទក្នុងថ្ងៃ ១២ កើត ) មានដងខ្លួនមូលក្លំ ដូចគោឧសភ ទ្រង់ចម្លងពួកជនច្រើន ឲ្យរួចចាកទុគ្គតិ ។ ព្រះមហាមុនី ទ្រង់ឃើញពួកជនដែលគួរត្រាស់ដឹង ស្ថិតនៅក្នុងទីមួយសែន យោជន៍ ទ្រង់ចូលទៅជិត ហើយញ៉ាំងពួកជននោះឲ្យត្រាស់ដឹង