អដ្ឋកថាមិគោអរញ្ញគាថា
គាថាថា មិគោ អរញ្ញម្ញិ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ភិក្ខុមួយរូប ជាព្រះយោគាវចរ ក្នុងសាសនារបស់ព្រះមាន ព្រះភាគកស្សបៈ ធ្វើកាលកិរិយាហើយ កើតក្នុងត្រកូលសេដ្ឋី នៅក្នុងនគរ ពារាណសីដែលជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន កុលបុត្តនោះ ជាអ្នកមានរូបស្អាត ព្រោះហេតុនោះ ទើបធ្វើខុសចំពោះភរិយា របស់អ្នកដទៃ ស្លាប់ហើយ ទៅកើតក្នុងនរក ឆេះក្នុងនរកនោះ ដោយវិបាក នៃកម្មដ៏សេស ទើបបដិសន្ធិជាស្រីក្នុងផ្ទៃរបស់ភរិយាសេដ្ឋី ។ សត្វដែលមក អំពីនរក រមែងមានរាងកាយក្តៅ ដោយហេតុនោះ ភរិយារបស់សេដ្ឋីមាន គភ៌ក្តៅ ទ្រទ្រង់នូវគភ៌នោះដោយលំបាក ហើយប្រសូតទារិកាតាមកំណត់ ។ ទារិកានោះ ចាប់តាំងពីថ្ងៃដែលកើតមក ជាទីស្អប់ខ្ពើមរបស់មាតាបិតា និង របស់ពួកញាតិ មួយអន្លើដោយបរិវារជន លុះចម្រើនវ័យហើយ បានជាទី ស្អប់ខ្ពើម មិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ស្វាមី ពុកក្មេក និង ម្តាយក្មេក ក្នុងត្រកូលដែលលើកនាងឲ្យ ។ កាលមហាជនប្រកាសបុណ្យ នក្ខត្តឫក្ស សេដ្ឋីបុត្តមិនប្រាថ្នានឹងដើរលេងជាមួយទារិកានោះ ទើបនាំស្រី កណិកាមកដើរលេង ។ ទារិកានោះ បានឮដំណឹងនោះ អំពីសំណាក់ពួកទាសី ទើបចូលទៅរកសេដ្ឋីបុត្ត រៀបរាប់ដោយប្រការផ្សេងៗ ថា បពិត្រអយ្យបុត្ត ធម្មតាស្រី ទោះបីជាប្ហូនស្រីរបស់ព្រះរាជា ១០ អង្គ ឬជាបុត្រីរបស់ស្តេច ចក្រពត្តិ ក៏ត្រូវធ្វើការបម្រើប្តី កាលប្តីមិនហៅរក រមែងសោយទុក្ខ ដូចចាក់