អដ្ឋកថាទុស្សង្គហគាថា

ក្បាលទី 59 · ទំព័រ 390

គាថាថា ទុស្សង្គហា ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា អគ្គមហេសីរបស់ព្រះបាទពារាណសីសោយព្រះវិលាល័យ បន្ទាប់អំពីនោះ កាលថ្ងៃសោយសោកកន្លងទៅហើយ ថ្ងៃមួយ អមាត្យ ទាំងឡាយទូលអង្វរថា ធម្មតាព្រះរាជាទាំងឡាយ ចាំបាច់ប្រាថ្នាអគ្គមហេសី ក្នុងរាជកិច្ចផ្សេងៗ ដោយខានមិនបាន ទូលបង្គំទាំងឡាយសូមឱកាស សូម ព្រះសម្មតិទេពទ្រង់នាំព្រះទេវីអង្គដទៃមក ។ ព្រះរាជាត្រាស់ថា នែអ្នក បើ ដូច្នោះ ចូរអ្នកទាំងឡាយដឹងចុះ ។ ខណៈដែលអមាត្យទាំងនោះកំពុងស្វែងរក ព្រះរាជាក្នុងរាជអាណាចក្រជិតខាងសោយទិវង្គត ព្រះទេវីរបស់ព្រះរាជានោះ គ្រប់គ្រងរាជសម្បត្តិ និងមានព្រះគភ៌ អមាត្យទាំងឡាយដឹងថា ព្រះទេវីនេះ សមគួរដល់ព្រះរាជា ទើបអង្វរព្រះនាង ។ ព្រះនាងត្រាស់ថា ធម្មតាស្រីមាន គភ៌ រមែងមិនជាទីគាប់ចិត្តរបស់មនុស្សទាំងឡាយ បើអ្នកបង្អង់ទម្រាំយើង ប្រសូត ក៏នឹងល្អ បើរង់ចាំមិនបាន ក៏ចូរពួកអ្នករកស្រីដទៃចុះ ។ អមាត្យទាំងឡាយ ក៏ក្រាបទូលសេចក្តីនោះដល់ព្រះរាជា ។ ព្រះរាជាត្រាស់ថា ទោះបី ព្រះនាងមានគភ៌ ក៏ចូរនាំមកចុះ អមាត្យទាំងនោះក៏នាំមក ។ ព្រះរាជាទ្រង់ អភិសេកព្រះទេវីនោះហើយ បានប្រទានគ្រឿងប្រើប្រាស់សម្រាប់ព្រះមហេសី សព្វយ៉ាង ទ្រង់សង្គ្រោះព្រះនាង និងបរិវារជន ដោយគ្រឿងបណ្ណាការគ្រប់ ប្រភេទ ។ ព្រះមហេសីនោះ ប្រសូតព្រះឱរសតាមកាល ព្រះរាជាទ្រង់បី-ព ព្រះរាជឱរសរបស់ព្រះនាងនោះ លើភ្លៅ និងដើមទ្រូង ក្នុងឥរិយាបថទាំងពួង