អដ្ឋកថាសុវណ្ណវលយគាថា
គាថាថា ទិស្វា សុវណ្ណស្ស ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាក្នុងនគរពារាណសីមួយអង្គ បានយាងចូលព្រះបន្ទំ ពេលថ្ងៃក្នុងរដូវក្តៅ នាងវណ្ណទាសីក្នុងសម្នាក់របស់ព្រះរាជានោះ កំពុងបុក ខ្លឹមចន្ទន៍ក្រហម ត្រង់ដៃម្ខាងរបស់នាងវណ្ណទាសីនោះ មានកងដៃមាស ១ ត្រង់ដៃម្ខាងទៀតមាន ២ ។ កងមាស ២ នោះទង្គិចគ្នា កងមាស ១ ក្រៅ អំពីនោះមិនប៉ះជាមួយអ្វីឡើយ ។ ព្រះរាជាទ្រង់ឃើញដូច្នោះ ទើបទ្រង់ព្រះតម្រិះ ថា ព្រោះការនៅជាគណៈយ៉ាងនេះឯង ទើបមានការប៉ះទង្គិចគ្នា ព្រោះ ការនៅម្នាក់ឯង ទើបមិនមានការប៉ះទង្គិចគ្នា ហើយទតមើលនាងទាសីរឿយៗ ។ សម័យនោះ ព្រះទេវីប្រដាប់ដោយគ្រឿងអលង្ការសព្វយ៉ាង ឈរបក់ផ្លិត ព្រះ ទេវីនោះមានព្រះតម្រិះថា ព្រះរាជាប្រហែលជាមានព្រះហបឫទ័យប្រតិព័ទ្ធនាង វណ្ណទាសី ទើបឲ្យនាងវណ្ណទាសីក្រោកឡើង ហើយបុកខ្លឹមចន្ទន៍ដោយខ្លួនឯង កាលនោះ ត្រង់ព្រះពាហាទាំង ២ របស់ព្រះនាង មានកងដៃមាសជាច្រើន កងមាសទាំងនោះ ក៏ប៉ះទង្គិចគ្នា ធ្វើឲ្យកើតសំឡេងខ្លាំង ។ ព្រះរាជាកាល ទ្រង់នឿយណាយខ្លាំងឡើង ទើបទ្រង់ផ្ទំដោយព្រះបង្ហៀងស្តាំនោះឯង ទ្រង់ ចម្រើនវិបស្សនាហើយ ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ។ ព្រះទេវី កាន់ខ្លឹមចន្ទន៍ចូលទៅរកព្រះរាជានោះ ដែលផ្ទំដោយសុខដ៏ក្រៃលែង ក្រាប ទូលថា បពិត្រមហារាជ សូមទ្រង់លាប ។ ព្រះរាជានោះត្រាស់ថា ចៀស ចេញទៅ កុំលាបឡើយ ព្រះទេវីក្រាលទូលថា បពិត្រមហារាជ ខ្ញុំនឹងលាប