អដ្ឋកថាអាយតិភយគាថា
គាថាថា ឯវំ ទុតិយេន ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ស្តេចពារាណសីមួយអង្គនៅក្មេង មានបំណងចង់បួស ទើប ត្រាស់នឹងអមាត្យទាំងឡាយថា អ្នកទាំងឡាយ ចូរនាំព្រះទេវីមក ហើយឲ្យ ព្រះនាងបរិហាររាជសម្បត្តិ យើងនឹងបួស ។ អមាត្យទាំងឡាយទូលឲ្យព្រះរាជា ជ្រាបថា បពិត្រមហារាជ ទូលបង្គំទាំងឡាយ មិនអាចរក្សារាជសម្បត្តិ ដែលឥតព្រះរាជាៗ ក្បែរខាងទាំងឡាយ នឹងនាំគ្នាមកប្លន់ដណ្តើមយក សូម ទ្រង់បង្អង់ ទម្រាំព្រះរាជឱរសមួយអង្គកើតឡើង ។ ព្រះរាជាទ្រង់មានព្រះហប្ញទ័យទន់ភ្លន់ ទើបទទួលពាក្យ ។ លំដាប់នោះ ព្រះទេវីទ្រង់តាំងគភ៌ ព្រះរាជាទ្រង់ត្រាស់នឹងអមាត្យទាំងនោះទៀតថា ព្រះ ទេវីមានព្រះគភ៌ហើយ អ្នកទាំងឡាយ ចូរអភិសេកព្រះរាជឱរសដែលប្រសូត ហើយក្នុងរាជសម្បត្តិ ហើយចូរបរិហារ គឺគ្រប់គ្រងរាជសម្បត្តិ យើងនឹង បួស ។ អមាត្យទាំងឡាយទូលព្រះរាជាឲ្យទ្រង់ជ្រាបទៀតថា បពិត្រមហារាជ កាលដែលព្រះទេវីប្រសូតព្រះរាជឱរស ឬព្រះរាជធីតានោះ ដឹងបានលំបាក ព្រោះហេតុនោះ សូមទ្រង់រង់ចាំកាលប្រសូតិសិន ។ ពេលនោះ ព្រះទេវីបាន ប្រសូតព្រះរាជបុត្ត ។ គ្រានោះ ព្រះរាជាទ្រង់ក៏ត្រាស់នឹងអមាត្យទាំងឡាយ យ៉ាងនោះទៀត អមាត្យទាំងឡាយ នាំគ្នាទូលព្រះរាជាឲ្យទ្រង់យល់ព្រម ដោយហេតុផលជាច្រើនទៀតថា បពិត្រមហារាជ សូមទ្រង់បង្អង់សិន ទម្រាំ ព្រះឱរសមានសមត្ថភាព ។ លំដាប់នោះ កាលព្រះរាជកុមារ ជាអ្នកមាន សមត្ថភាពហើយ ព្រះរាជាត្រាស់ឲ្យអមាត្យទាំងឡាយប្រជុំគ្នា ហើយត្រាស់ ថា ឥឡូវនេះ ព្រះរាជកុមារនេះជាអ្នកមានសមត្ថភាពហើយ អ្នកទាំងឡាយ ចូរអភិសេកព្រះរាជកុមារនោះ ក្នុងរាជសម្បត្តិ ហើយប្រណិប័តន៍ចុះ កាល ត្រាស់ហើយ មិនឲ្យឱកាសដល់ពួកអមាត្យ ឲ