អដ្ឋកថាទិដ្ឋីវិសូកគាថា
ពាក្យថា ទិដ្ឋីវិសូកានិ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសីមួយអង្គ នៅក្នុងទីស្ងាត់ ទ្រង់ព្រះតម្រិះ ថា ការក្តៅជាដើម ដែលកម្ចាត់រងាជាដើមមាន យ៉ាងណា វិវដ្តៈ ដែល កម្ចាត់វដ្តៈ នឹងមានដូច្នោះឬហ្ន៎ ទើបទ្រង់ត្រាស់សួរអមាត្យទាំងឡាយថា ពួក អ្នកស្គាល់វិវដ្តៈដែរឬទេ អមាត្យទាំងនោះក្រាបទូលថា បពិត្រមហារាជ ស្គាល់ ព្រះអង្គ ។ ព្រះរាជាត្រាស់សួរថា វិវដ្តៈនោះ គឺអ្វី បន្ទាប់អំពីនោះ អមាត្យ ទាំងឡាយ ក៏ពោលដល់ការទៀង និងការដាច់សូន្យ ដោយន័យជាដើមថា លោកមានទីបំផុត ។ ព្រះរាជាទ្រង់ព្រះតម្រិះថា អមាត្យទាំងនេះមិនដឹង អមាត្យ ទាំងអស់នេះ ជាមិច្ឆាទិដ្ឋិ ទ្រង់ឃើញភាពដែលព្រះអង្គឯង ជំទាស់ និងចូល មិនបាន ជាមួយអាមាត្យទាំងនោះហើយ ទ្រង់ព្រះតម្រិះថា វិវដ្តៈដែលកម្ចាត់ វដ្តៈមានពិត គួរស្វែងរកវិវដ្តៈនោះ ទើបទ្រង់លះរាជសម្បត្តិចេញបួស ចម្រើន វិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកសម្ពោធិញ្ញាណហើយ ។ បានត្រាស់ ឧទានគាថា និងព្យាករគាថា ក្នុងកណ្តាលព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ។ សេចក្តីនៃគាថានោះថា បទថា ទិដ្ឋីវិសូកានិ បានដល់ ទិដ្ឋិ ៦២ ។ ពិតហើយ ទិដ្ឋិទាំងនោះ ឈ្មោះថា ចម្រូង ព្រោះអត្ថថា ជាសត្រូវ ព្រោះ អត្ថថា ជាគ្រឿងចាក់ដោត និងព្រោះអត្ថថា ជាបដិបក្ខចំពោះមគ្គសម្មាទិដ្ឋិកា លបើដូច្នោះ សត្រូវរបស់ទិដ្ឋិ ឬទិដ្ឋិនោះឯងជាសត្រូវ ឈ្មោះថា ចម្រូង គឺទិដ្ឋិ ។