អដ្ឋកថាបាបសហាយគាថា
គាថាថា បបំ សហាយំ ជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គ ក្នុងនគរពារាណសី ទ្រង់ធ្វើប្រទក្សិណ ព្រះនគរដោយរាជានុភាពធំ ទ្រង់ឃើញមនុស្សទាំងឡាយនាំយកស្រូវចាស់ ជាដើម ចេញអំពីជង្រុកទៅខាងក្រៅ ទើបត្រាស់សួរអមាត្យថា នែអ្នក នេះ ជាអ្វី ពួកអមាត្យក្រាបទូលថា បពិត្រមហារាជ ឥឡូវនេះ ស្រូវថ្មីជាដើមកើតឡើង ទើបមនុស្សទាំងនេះយកស្រូវចាស់ជាដើមចេញ ដើម្បីនឹងមានទីទំនេរ សម្រាប់ស្រូវថ្មីជាដើមនេះ ។ ព្រះរាជាត្រាស់ថា នែបា ស្បៀងរបស់ពួកពល ក្នុងដំណាក់ និងស្រីស្នំជាដើម ពេញបរិបូណ៌ឬ ។ ពួកអមាត្យក្រាបទូលថា បពិត្រមហារាជ នៅពេញបរិបូណ៌ព្រះអង្គ ។ ព្រះរាជាត្រាស់ថា នែបា បើ យ៉ាងនោះ លោកទាំងឡាយ ចូរសាងរោងទាន យើងនឹងឲ្យទាន ស្រូវទាំងនេះ កុំបីវិនាសទទេ ដោយឥតប្រយោជន៍ ។ លំដាប់នោះ អមាត្យដែលមាន ការយល់ខុសម្នាក់ ក៏ក្រាបទូលថា បពិត្រមហារាជ ទានដែលឲ្យហើយ មិន មានផល ដូច្នេះហើយ ទើបក្រាបទូលដល់ព្រះរាជាថា បុគ្គលទាំងឡាយ ទោះបីជា ពាលក្តី បណ្ឌិតក្តី ស្ទុះទៅ អន្ទោលទៅ នឹងធ្វើទីបំផុតនៃទុក្ខបានឯង ដូច្នេះហើយ ទូលហាម ។ ព្រះរាជាទ្រង់ឃើញជង្រុក ត្រូវជញ្ជូនស្រូវចេញ លើកទី ២ លើកទី ៣ ក៏ត្រាស់ដូចមុន ។ ទោះបីក្នុងលើកទី ៣ អមាត្យ ដែលមានគតិក្នុងការឃើញខុសនោះ ក៏នៅពោលពាក្យជាដើមថា បពិត្រ មហារាជ ទាននេះ បុគ្គលល្ងង់បញ្ញត្ត ហើយទូលហាមព្រះរាជានោះ ។ ព្រះ រាជាត្រាស់ថា នែបា សូម្បីរបស់ខ្ញុំ ក៏មិនបានដើម្បីនឹងឲ្យឬ បាបមិត្តទាំងនេះ មានប្រយោជន៍អ្វី ទ្រង់នឿយណាយ ទើបលះរាជសម្បត្តិចេញបួស ចម្រើន វិបស្សនា បានធ្វើឲ្យជាក់ច្បាស់នូវបច្ចេកសម្ពោធិញ្ញាណហើយ កាលទ្រង់ តិះដៀលបាបមិត្តនោះ ទើបត្រាស់ឧទាន