អដ្ឋកថាបុត្តទារគាថា
គាថាថា បុត្តញ្ច ទារំ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ឱរសរបស់ព្រះបាទពារាណសីបានទទួលអភិសេកគ្រងរាជសម្បត្តិ ក្នុងកាលនៅក្មេងនោះឯង ទ្រង់សោយសិរិរាជសម្បត្តិ ដូចព្រះ បច្ចេកពោធិសត្វដែលពោលហើយក្នុងគាថាទី ១ ថ្ងៃមួយ ទ្រង់ព្រះតម្រិះថា អញគ្រងរាជសម្បត្តិ បង្ករសេចក្តីទុក្ខឲ្យដល់ជនជាច្រើន អញធ្វើបាបនេះ ដើម្បីអាហារមួយពេលធ្វើអ្វី ណ្ហើយចុះ អញនឹងធ្វើសេចក្តីសុខឲ្យកើតឡើង ទើបទ្រង់លះរាជសម្បត្តិចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវ បច្ចេកសម្ពោធិញ្ញាណហើយ បានពោលឧទានគាថានេះ ។ បណ្តាបទទាំងនោះ បទថា ធនានិ បានដល់ រតនៈទាំងឡាយ មាន កែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាល ប្រាក់ និងមាស ជាដើម ។ បទថា ធញ្ញានិ បានដល់ បុព្វណ្ណជាតិ ៧ ប្រភេទ មានស្រូវ សាលី ស្រូវខ្សាយ ស្រូវដំណើប ស្រងែ ថ្ពៅ ស្កួយ និងស្មៅគេលលក ជាដើម និងអបរណ្ណជាតិដ៏សេស ។ បទថា ពន្ធវានិ បានដល់ ផៅពង្ស ៤ យ៉ាង គឺផៅពង្ស គឺញាតិ ១ ផៅពង្ស គឺគោត្រ ១ ផៅពង្ស គឺមិត្ត ១ ផៅពង្ស គឺអ្នករួមរៀនសិប្បៈ ១ ។ បទថា យថោធិកានិ បានដល់ ដែល តាំងនៅតាមព្រំដែនរៀងៗ ខ្លួន ។ ពាក្យដ៏សេស មានន័យដូចពោលហើយ នោះឯង ។