អដ្ឋកថារសគេធគាថា
គាថាថា រសេសុ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសីមួយអង្គ មានបុត្តអមាត្យទាំងឡាយ ចោមរោមក្នុងឧទ្យាន ទ្រង់ក្រសាលក្នុងស្រះបោក្ខរណី ដែលក្រាលដោយ ផ្ទាំងថ្ម ។ អ្នកដាំស្លរបស់ព្រះអង្គយករសសាច់គ្រប់ប្រភេទមកចម្អិន ក្នុង អន្តរភត្តដែលផ្សំល្អក្រៃលែង ដូចអមតរស ហើយបង្អោនចូលទៅថ្វាយ ។ ទ្រង់ជាប់ក្នុងរសនោះ មិនប្រទានដល់បុគ្គលណា សោយតែមួយព្រះអង្គឯង បុណ្ណោះ ។ ទ្រង់លេងទឹក ទើបយាងត្រឡប់ចេញទៅក្នុងពេលព្រលប់ ហើយ ប្រញាប់ប្រញាល់សោយ ។ ព្រះអង្គទ្រង់មិននឹកដល់បុគ្គលណាម្នាក់ ដែល ធ្លាប់រួមសោយមកអំពីមុន ។ ខាងក្រោយ ទ្រង់ធ្វើការពិចារណា ទ្រង់ជ្រាប ថា ឱ អញត្រូវចំណង់ក្នុងរសគ្របសង្កត់ ភ្លេចជនទាំងពួង បរិភោគម្នាក់ឯង បុណ្ណោះ បានធ្វើកម្មដ៏លាមកហើយ ណ្ហើយចុះ អញនឹងសង្កត់ចំណង់ ក្នុងរសនោះ កាលទ្រង់ត្រិះរិះហើយ ទើបលះរាជសម្បត្តិចេញបួស ចម្រើន វិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលទ្រង់តិះដៀលនូវ បដិបត្តិ ដែលមានក្នុងកាលមុនរបស់ព្រះអង្គ ទើបពោលឧទានគាថានេះ ដែលសម្តែងគុណផ្ទុយនឹងការបដិបត្តិនោះ ។ បណ្តាបទទាំងនោះ បទថា រសេសុ បានដល់ ក្នុងរបស់គួរលិទ្ធភ្លក់ មានរសជូរ រសផ្អែម រសល្វីង រសហឹរ រសប្រៃ រសខារ រសចត់ជាដើម ។ បទថា គេធំ អករំ ប្រែថា មិនធ្វើនូវការចង់បាន អធិប្បាយថា មិនញ៉ាំង នូវតណ្ហាឲ្យកើតឡើង ។ បទថា អលោលោ បានដល់ មិនវង្វេងក្នុងការឆ្ងាញ់នៃរសទាំងឡាយ យ៉ាងនេះថា អញនឹងលិទ្ធភ្លក្សវត្ថុនេះ អញនឹងលិទ្ធភ្លក្សវត្ថុនេះ ។