អដ្ឋកថាបដិសល្លានគាថា

ក្បាលទី 59 · ទំព័រ 461

គាថាថា បដិសល្លានំ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ ការកើតឡើងនៃគាថានេះ ដូចអាវរណគាថា មិនមានសេចក្តីផ្សេងគ្នា ណាឡើយ ឯពណ៌នាអត្ថនៃគាថានេះ មានដូចតទៅនេះថា ការត្រឡប់ចាក ពួកសត្វ និងសង្ខារនោះៗ ពួនសម្ងំ ឈ្មោះថា បដិសល្លាន បានដល់ ភាពជា អ្នកនៅក្នុងសមគួរ នាចំណែកម្ខាង គឺភាពជាបុគ្គលម្នាក់ឯង បានដល់ កាយវិវេក ។ ចិត្តវិវេក លោកហៅថា ឈាន ព្រោះដុតកិលេស ដូចសត្រូវ និង ព្រោះចូលទៅសម្លឹងដោយអារម្មណូបនិជ្ឈាន និងលក្ខណូបនិជ្ឈាន ។ ក្នុងពាក្យថា ឈាន នោះ សមាបត្តិ ៨ ហៅថា ឈាន ព្រោះដុត កិលេស ដូចសត្រូវ មាននីវរណៈជាដើម និងព្រោះចូលទៅសម្លឹងអារម្មណ៍ មានកសិណជាដើម ។ វិបស្សនា មគ្គ ផល ក៏ហៅថា ឈាន ព្រោះដុត កិលេសដូចជាសត្រូវ មានសត្តសញ្ញា សម្គាល់ថា សត្វជាដើម និងព្រោះ ចូលទៅសម្លឹងលក្ខណៈ ។ តែក្នុងទីនេះ លោកបំណងយកអារម្មណូបនិជ្ឈានបុណ្ណោះ ។ មិនលះ គឺមិនបោះបង់ បានដល់ មិនលះបង់នូវការពួនសម្ងំ និង ឈាននោះ ដោយអាការយ៉ាងនោះ ។ បទថា ធម្មេសុ បានដល់ ក្នុងធម៌ គឺបញ្ចក្ខន្ធជាដើមដែលឲ្យចូលដល់វិបស្សនា ។ បទថា និច្ចំ បានដល់ ជាប់ ត គឺរឿយៗ បានដល់ ច្រឡូកច្រឡំ ។ បទថា អនុធម្មចារី បានដល់ ប្រព្រឹត្តវិបស្សនាធម៌ដែលទៅហើយ រឿយៗ ដោយប្រារព្ធធម៌នោះៗ ប្រព្រឹត្តទៅ ។ ម្យ៉ាងទៀត ក្នុងបទថា ធម្មេសុ នេះ លោកុត្តរធម៌ ៩ ឈ្មោះថា ធម៌ ។ ឈ្មោះថា អនុធម៌ ព្រោះជាធម៌ ដែលអនុលោមដល់ធម៌ទាំងនោះ ។ ពាក្យថា អនុធម្មចារី នេះ ជាឈ្មោះនៃ វិបស្សនា ។