អដ្ឋកថាតណ្ញក្ខយគាថា
គាថាថា តណ្ហក្ខយំ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបាទពារាណសីមួយអង្គ ធ្វើប្រទក្សិណព្រះនគរ ដោយ រាជានុភាពធំ មនុស្សទាំងឡាយ ជាអ្នកជាប់ចិត្តក្នុងការស្អាតនូវព្រះរូបរបស់ ព្រះរាជានោះ សូម្បីដើរទៅខាងមុខក៏គង់ត្រឡប់មកសម្លឹងមើលព្រះអង្គ សូម្បី ដើរទៅខាងក្រោយក្តី ទៅដោយចំហៀងទាំង ២ ក្តី ក៏នៅតែងាកមកមើល ព្រះអង្គ ។ តាមប្រក្រតីសត្វលោកមិនឆ្អែតក្នុងការមើលព្រះពុទ្ធ និងក្នុងការមើល ព្រះចន្ទពេញវង់ សមុទ្រ និងព្រះរាជា ។ កាលនោះ ភរិយារបស់កុដុម្ពិកៈម្នាក់ នៅក្នុងប្រាសាទជាន់លើ បាន បើកបង្ហួចឈរមើល ព្រះរាជាទ្រង់ឃើញស្ត្រីនោះ មានព្រះហបឫទ័យប្រតិព័ទ្ធ ក៏ត្រាស់នឹងអមាត្យថា នែអ្នក ចូរទៅស្ញើបមើលថា ស្រីនោះ មានប្តី ឬមិន មានប្តី ។ អមាត្យនោះដឹងហើយ ទើបក្រាបទូលថា បពិត្រព្រះអង្គ ស្រីនោះ មានប្តីហើយ ។ ពេលនោះ ព្រះរាជាទ្រង់ព្រះតម្រិះថា ស្រីស្នំ ២ ម៉ឺននាក់ ប្រៀបដូច ទេពអប្សរ ញ៉ាំងអញម្នាក់បុណ្ណោះឲ្យអភិរម្យ ឥឡូវនេះ អញមិនត្រេកអរ ក្នុងស្រីទាំងនេះ មកធ្វើតណ្ហាឲ្យកើតឡើងក្នុងស្រីរបស់បុរសដទៃ តណ្ហានោះ កើតឡើងហើយ រមែងអូសទៅកាន់អបាយតែម្យ៉ាង ដូច្នេះ ទ្រង់ឃើញទោស នៃតណ្ហាហើយ ទ្រង់ព្រះតម្រិះថា នឹងសង្កត់តណ្ហានោះ ទើបលះរាជសម្បត្តិ បួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយបាន ពោលឧទានគាថានេះ ។ បណ្តាបទទាំងនោះ បទថា តណ្ហក្ខយំ បានដល់ ព្រះនិព្វាន ម្យ៉ាងទៀត បានដល់ ការមិនប្រព្រឹត្តទៅនៃតណ្ហាដែលមានទោស ដែលប្រាកដដែល ប្រាកដច្បាស់នោះ ។ បទថា អប្បមត្តោ បានដល់ មានប្រក្រតីធ្វើជាប់ត គឺមានប្រក្រតីធ្វើ ដោយគោរព ។ បទថា អនេលមូគោ បានដល់ ជាអ្នកមិនម