អដ្ឋកថាអប្បមញ្ញាគាថា

ក្បាលទី 59 · ទំព័រ 473

គាថាថា មេត្តំ ឧបេក្ខំ ដូច្នេះជាដើម មានអត្ថុប្បតិហេតុដូចម្តេច ។ បានឮថា ព្រះរាជាមួយអង្គ ទ្រង់បានមេត្តាឈានជាដើម ទ្រង់ព្រះតម្រិះ ថា រាជសម្បត្តិ ជាអន្តរាយចំពោះសុខក្នុងឈាន ដើម្បីទ្រង់រក្សាឈាន ទើប លះរាជសម្បត្តិចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយបានពោលឧទានគាថានេះ ។ ក្នុងគាថានោះ ភាពជាអ្នកប្រាថ្នា នាំចូលទៅនូវហិតសុខ ដោយន័យ ជាដើមថា សត្វទាំងឡាយទាំងពួង ចូរជាអ្នកមានសេចក្តីសុខចុះ ដូច្នេះ ឈ្មោះថា មេត្តា ។ ភាពជាអ្នកប្រាថ្នាដើម្បីបំបាត់វត្ថុដែលមិនមែនប្រយោជន៍ និងទុក្ខ ដោយ ន័យជាដើមថា ឱហ្ន៎ សត្វទាំងឡាយគប្បីផុតចាកទុក្ខនេះ ដូច្នេះ ឈ្មោះថា ករុណា ។ ភាពជាអ្នកប្រាថ្នាដើម្បីមិនឲ្យព្រាត់ប្រាសចាកហិតសុខ ដោយន័យ ជាដើមថា សត្វទាំងឡាយដ៏ចម្រើន ចូរត្រេកអរហ្ន៎ ចូរត្រេកអរដោយល្អ ដូច្នេះ ឈ្មោះថា មុទិតា ។ ការព្រងើយក្នុងសុខ និងទុក្ខ ដោយន័យជាដើមថា សត្វទាំងឡាយនឹង ប្រាកដតាមកម្មរបស់ខ្លួន ដូច្នេះ ឈ្មោះថា ឧបេក្ខា ។ តែដើម្បីងាយស្រួលក្នុងការចងគាថា លោកពោលមេត្តា ហើយពោល ឧបេក្ខា និងមុទិតា ឯក្រោយ ដោយឆ្លាស់លំដាប់គ្នា ។ បទថា វិមុត្តឹ សេចក្តីថា អប្បមញ្ញាទាំង ៤ នេះ ឈ្មោះថា វិមុត្តិ ព្រោះផុតចាកធម៌ ដែលជាសត្រូវរបស់ខ្លួន ដោយហេតុនោះ ទើបលោក ពោលថា គប្បីចម្រើនមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាក កិលេសសព្វកាល ។ បណ្តាបទទាំងនោះ បទថា អាសេវមានោ សេចក្តីថា ចម្រើនមេត្តា ករុណា មុទិតាទាំង ៣ ដោយអំណាចតិកជ្ឈាន និងចតុក្កជ្ឈាន ចម្រើនឧបេក្ខា ដោយអំណាចចតុក្កជ្ឈាន ។