អដ្ឋកថាជីវិតសង្ខយគាថា

ក្បាលទី 59 · ទំព័រ 475

គាថាថា រាគញ្ច ទោសញ្ច ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ព្រះបច្ចេកសម្ពុទ្ធព្រះនាមមាតង្គៈ អាស្រ័យនគររាជគ្រឹះ ជា ព្រះបច្ចេកសម្ពុទ្ធអង្គចុងក្រោយ ក្នុងចំនួនព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ។ គ្រានោះ ព្រះពោធិសត្វនៃយើងទាំងឡាយកើតឡើងហើយ ទេវតាទាំងឡាយ មកដើម្បីបូជាព្រះពោធិសត្វ ឃើញព្រះមាតង្គបច្ចេកសម្ពុទ្ធក៏ពោលថា លោកនិទ៌ុក្ខ លោកនិទុ៌ក្ខ ព្រះពុទ្ធកើតឡើងហើយក្នុងលោក មាតង្គបច្ចេកសម្ពុទ្ធនោះ កំពុងចេញចាកនិរោធ បានឮដូច្នោះ ដឹងថា ខ្លួនអស់ជីវិត ក៏ ហោះទៅកាន់ភ្នំឈ្មោះមហាបបាតៈ ក្នុងហិមវន្តប្បទេស ដែលជាទីបរិនិព្វាន របស់ព្រះបច្ចេកសម្ពុទ្ធទាំងឡាយ ហើយបោះឆ្អឹងរបស់ព្រះបច្ចេកសម្ពុទ្ធដែល បរិនិព្វានហើយ ចូលទៅក្នុងជ្រោះខ្លួនឯង ក៏អង្គុយលើផ្ទាំងសិលា បាន ពោលឧទានគាថានេះ ។ រាគៈ ទោសៈ មោហៈ ក្នុងគាថានោះ បានពោលហើយក្នុងឧរគសូត្រ ( ក្នុងខុទ្ទកនិកាយ សុត្តនិបាត ) ។ បទថា សំយោជនានិ បានដល់ សំយោជនៈ ១០ ។ ទម្លាយសំយោជនៈទាំង ១០ នោះ ដោយមគ្គនោះៗ ។ បទថា អសន្តសំ ជីវិតសង្ខយម្ហិ សេចក្តីថា ការបែកធ្លាយដោយ ជុំវិញនៃចុតិចិត្ត ហៅថា ការអស់ទៅនៃជីវិត ។ ឈ្មោះថា ជាអ្នកមិនតក់ស្លុត ក្នុងការអស់ជីវិតនោះ ព្រោះលះសេចក្តីស្រឡាញ់ក្នុងជីវិតបានហើយ ។ ព្រះបច្ចេកសម្ពុទ្ធសម្តែងសឧបាទិសេសនិព្វានរបស់លោក ដោយពាក្យ មានប្រមាណប៉ុណ្ណោះឯង ក្នុងវេលាចប់គាថា បានបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ដូច្នេះឯង ។