សារីបុត្តត្ថេរាបទានទី ៣
អ្នកទាំងឡាយចូរស្តាប់ថេរាបទាន ដូចតទៅនេះ មានភ្នំមួយ ឈ្មោះលម្ពកៈ នៅក្នុងទីមិនឆ្ងាយអំពីភ្នំហិមពាន្ត គេបានសង់អាស្រម សាងបណ្ណសាលាឲ្យខ្ញុំ ។ ស្ទឹងមានច្រាំង ដ៏រាក់ មានកំពង់ល្អ ជាទីគាប់ចិត្ត ដ៏ដេរដាសដោយផ្នូកខ្សាច់ដ៏ស្អាត មានក្នុងទីមិនឆ្ងាយអំពីអាស្រមខ្ញុំ ។ ស្ទឹង ( នោះ ) មិនមានក្រួស រវាន មិនចោត មានទឹកដ៏ឆ្ងាញ់ មិនមានក្លិនអាក្រក់ តែងហូរទៅក្នុង ទីនោះ ជាលម្អដល់អាស្រមខ្ញុំ ។ មានក្រពើ មករ ឆ្លាម អណ្តើក លេងក្នុងស្ទឹងនុ៎ះ ហែបហែលក្នុងស្ទឹងនោះ ជាលម្អដល់ អាស្រមខ្ញុំ ។ មានទាំងត្រីស្លាត ត្រីសណ្តាយ ត្រីក្រាញ់ ត្រីក្រពុល បាយ ត្រីឆ្ពិន ត្រីខ្ជឹង តែងហែលឆ្វៀលឆ្វាត់ទៅមក ជាលម្អដល់ អាស្រមខ្ញុំ ។ នៅត្រើយស្ទឹងទាំងសងខាង មានដើមឈើដ៏សម្បូរ ដោយផ្កា និងផ្លែសំយុងចុះ មកអំពីត្រើយស្ទឹងទាំងសងខាង ជាលម្អ ដល់អាស្រមខ្ញុំ ។ ស្វាយ សាលព្រឹក្ស ដង្កៀបក្តាម ច្រនៀង ឈើភ្លើង មានផ្ការីក ផ្សាយក្លិន ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រម ខ្ញុំ ។ ចំបក់ ស្រល់ ក្តុល ខ្ទឹង បុន្នាគ រំចេក មានផ្ការីក ផ្សាយ ក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ រំដួល អសោក នួនស្រី មានផ្ការីក អង្កោល វល្លិបាស មានផ្ការីក ផ្សាយក្លិនទៅក្នុងអាស្រមខ្ញុំ ។ រំចេក ចេក ខ្មួញ ម្លិះរួត ផ្សាយក្លិនដូចជាទិព្វ ក្នុងអាស្រមខ្ញុំ ។ ឈើជា ច្រើន គឺកណិការ កណ្ណិការ ធ្នង់ អញ្ជាន់ ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ មានក្រូចឆ្មារ ក្រូច ភ្លា រលួស មានផ្ការីក ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃអាស្រមខ្ញុំ ។ ឈើជាច្រើនយ៉ាង គឺ រាជព្រឹក្ស ខ្លែងគង់ ក្ទម្ព ពកុល ផ្សាយក្លិនដូចជាទិព្វ ជាលម្អនៃ អាស្រមខ្ញុំ ។