មហាមោគ្គល្លានត្ថេរាបទានទី ៤

ក្បាលទី 59 · ទំព័រ 586

ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាច្បងក្នុងលោក ជា នរាសភៈ មានពួកទេវតាចោមរោម ទ្រង់គង់នៅក្នុងព្រៃហិមពាន្ត ។ គ្រានោះ ខ្ញុំកើតជាស្តេចនាគ ឈ្មោះវរុណៈ នៅក្នុងមហាសមុទ្រ ចេះប្លែងរូបបានតាមសេចក្តីប្រាថ្នា ។ វេលានោះ ខ្ញុំបានលះបង់នូវ ពួកនាគជាបរិវារ ហើយបានផ្តើមប្រគំតូរ្យតន្រ្តី ឯពួកស្រីអប្សរ ( នាងនាគមានវិកា ) ក៏ចោមរោមប្រគំ ថ្វាយព្រះសម្ពុទ្ធដែរ ។ កាលមានតូរ្យតន្រ្តីរបស់ពួកនាគហើយ ពួកទេវតាក្នុងចាតុម្មហារាជិកា ក៏បានប្រគំនូវតូរ្យតន្រ្តីទិព្វ ឯព្រះសម្ពុទ្ធ ទ្រង់ឮ ទ្រង់ជ្រាប ច្បាស់នូវសំឡេងនៃតូរ្យតន្រ្តីទាំងពីរពួកនោះ ។ បន្ទាប់មក ខ្ញុំបាន និមន្តព្រះសម្ពុទ្ធ ហើយវិលត្រឡប់ចូលទៅកាន់ពិភពរបស់ខ្លួនវិញ បានក្រាលអាសនៈ រួចហើយ ទៅក្រាបបង្គំទូលភត្តកាល ។ ព្រះលោក នាយក មានពួកព្រះខីណាស្រពមួយពាន់ចោមរោម ទ្រង់ផ្សាយ នូវពន្លឺរស្មីសព្វទិស ហើយស្តេចចូលទៅកាន់លំនៅរបស់ខ្ញុំ ។ វេលា នោះ ខ្ញុំបានអង្គាសព្រះពុទ្ធមានព្យាយាមធំ ទ្រង់ជាទេវតា ប្រសើរ ជាងទេវតា ជានរាសភៈ និងភិក្ខុសង្ឃដែលចូលទៅក្នុងលំនៅនៃខ្ញុំ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយនិងទឹក ។ ព្រះសយម្ភូ ជាអគ្គបុគ្គល មានព្យាយាមធំ លុះទ្រង់ធ្វើអនុមោទនារួចហើយ ទើបទ្រង់គង់ក្នុងកណ្តាលនៃភិក្ខុសង្ឃ ហើយទ្រង់ សម្តែងនូវព្រះគាថាទាំងឡាយនេះថា នាគរាជនេះ បានបូជាព្រះពុទ្ធ ជាលោកនាយកផង ព្រះសង្ឃផង ដោយចិត្តជ្រះថ្លានោះ នឹងបាន ទៅកើតក្នុងទេវលោក ។ នាគរាជនេះ នឹងសោយទេវរជ្ជសម្បត្តិ អស់ ៧៧ ដង នឹងគ្រប់គ្រងរាជ្យលើផែនដីអស់ ១០៨ ដង ។ នឹងបានជាស្តេចចក្រពត្តិ អស់ ៥៥ ដង ឯទ្រព្យសម្បត្តិរាប់មិន អស់ នឹងកើតឡើង សម្រាប់ស្តេចចក្រពត្តិនោះ ក្នុ