អដ្ឋកថាមហាមោគ្គល្លានត្ថេរាបទាន
អបទានរបស់ព្រះមហាមោគ្គល្លានត្ថេរ មានពាក្យផ្តើមថា អនោមទស្សី ភគវា ដូច្នេះជាដើម ។ មានលំនាំដើមថា ព្រះថេរៈនេះ ជាអ្នកមានអធិការដែលធ្វើហើយក្នុង ព្រះអង្គមុន សន្សំបុណ្យទាំងឡាយ ដែលឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអនោមទស្សី ដូច្នេះ បានពោល ហើយក្នុងរឿងរបស់ព្រះធម្មសេនាបតីសារីបុត្តត្ថេរ ។ សេចក្តីតមក មានដូច្នេះថា ចាប់តាំងអំពីថ្ងៃដែលបួសហើយ ក្នុងថ្ងៃទី ៧ ព្រះថេរៈទៅអាស្រ័យស្រុកកល្លវាល្លគ្រាម ក្នុងដែនមគធៈ បំពេញ សមណធម៌ កាលថីនមិទ្ធៈ គឺការងោកងុយគ្របសង្កត់ ដែលព្រះសាស្តា ទ្រង់ឲ្យសង្វេគ ដោយព្រះតម្រាស់ជាដើមថា ម្នាលមោគ្គល្លាន សេចក្តី ព្យាយាមរបស់អ្នក កុំឥតផលឡើយ កាលបានស្តាប់ធាតុកម្មដ្ឋានទេសនា ដែលព្រះមានព្រះភាគទ្រង់បន្ទោបង់នូវការងងុយ ហើយត្រាស់ឲ្យស្តាប់ បាន សម្រេចមគ្គ ៣ ខាងលើ ដោយលំដាប់នៃវិបស្សនា ដល់នូវទីបំផុតនៃ សាវកញ្ញាណ ក្នុងខណៈសម្រេចអរហត្តផល ។ ព្រះមហាមោគ្គល្លានត្ថេរ កាលបានសម្រេចភាពជាទុតិយសាវ័ក បន្ទាប់ អំពីព្រះសារីបុត្តត្ថេរយ៉ាងនេះហើយ បានរពឫកដល់បុព្វកម្មរបស់ខ្លួន កាល ប្រកាសអបទានដែលជាបុព្វចរិយាដោយអំណាចសោមនស្ស ទើបពោល ពាក្យថា អនោមទស្សី ភគវា ដូច្នេះជាដើម ។ ក្នុងពាក្យនោះ ដែលឈ្មោះថា អនោមទស្សី ព្រោះមានទស្សនៈ គឺ ការឃើញមិនថោកថយ គឺមិនអាក្រក់ ។ ពិតហើយ ទ្រង់ធ្វើឲ្យមិនធុញទ្រាន់ ក្នុងការមើល បុគ្គលដែលសម្លឹងមើលព្រះអង្គ អស់កាល ១ ថ្ងៃ អស់កាល ១ ខែ អស់កាល ១ ឆ្នាំ អស់កាល ១ សែនឆ្នាំ ( ក៏មិននឿយណាយ ) ព្រោះទ្រង់មានព្រះសរីរៈប្រដាប់ដោយមហាបុរិសលក្ខណៈ ៣២ ប្រការ ព្រោះ ហេតុនោះ ទើបឈ្មោះថា អនោមទស្សី ។