មហាកស្សបត្ថេរាបទានទី ៥
កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមបទុមុត្តរៈ ជាច្បង ក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌ ជាទីពឹងនៃសត្វលោក ទ្រង់បរិនិព្វានទៅ ពួកជននាំគ្នាធ្វើការបូជាព្រះសាស្តាអង្គនោះ ។ ប្រជុំជនមានចិត្តខ្ពស់ មានចិត្តសប្បាយរីករាយ កាលញាតិ និងមិត្ត នៃខ្ញុំទាំងនោះ កំពុងកើតសង្វេគ បីតិកើតឡើងដល់ខ្ញុំ ។ ខ្ញុំប្រជុំ ញាតិ និងមិត្តទាំងឡាយ ទើបពោលពាក្យនេះថា ព្រះលោកនាថ មានព្យាយាមធំ ទ្រង់បរិនិព្វានហើយ បើដូច្នោះ យើងនឹងធ្វើការបូជា ។ ញាតិ និងមិត្តទាំងនោះទទួលស្តាប់ថា ប្រពៃហើយ ក៏ ញ៉ាំងសេចក្តីរីករាយឲ្យកើតដល់ខ្ញុំដោយច្រើន ខ្ញុំបានធ្វើនូវការសន្សំ បុណ្យ ក្នុងព្រះពុទ្ធជាទីពឹង នៃសត្វលោកអង្គនោះ ។ ខ្ញុំបានសង់ វិមាន មានកម្ពស់ ១០០ ហត្ថ មានទំហំ ១៥០ ហត្ថ ខ្ពស់ទើស អាកាស ជាវិមានមានតម្លៃ ដែលរចនាយ៉ាងល្អ ។ ខ្ញុំសង់វិមាន ដ៏មានតម្លៃ វិចិត្រដោយគំនរកុសលទាំងឡាយ ក្នុងទីនោះហើយ បានញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានបូជានូវចេតិយដ៏ប្រសើរ ។ ឯ ចេតិយនោះ រុងរឿង ដូចគំនរភ្លើង ឬដូចស្តេចសាលព្រឹក្ស មាន ផ្ការីក ភ្លឺស្វាងក្នុងទិសទាំង ៤ ដូចឥន្ទធនូ ក្នុងអាកាស ។ ខ្ញុំញ៉ាំង ចិត្តឲ្យជ្រះថ្លាក្នុងធាតុចេតិយនោះ ហើយធ្វើកុសលដ៏ច្រើន ខ្ញុំបាន ទៅកើតក្នុងស្ថានតាវត្តិង្ស ព្រោះរពឫកនូវបុព្វកម្មនោះ ។ ខ្ញុំជិះយាន ទិព្វ ទឹមដោយសេះមួយពាន់ ឯវិមាន ៧ ជាន់ដ៏ខ្ពស់ កើតឡើង សម្រាប់ខ្ញុំ ។ ផ្ទះមានកំពូលមួយពាន់ ជាវិការនៃមាសសុទ្ធ រុងរឿង ជានិច្ច ទិសទាំងពួង សឹងតែភ្លឺដោយតេជះរបស់ខ្លួន ។ ផ្ទះខាងមុខ ដទៃទៀត ជាវិការនៃកែវក្រហម មានក្នុងកាលនោះ ផ្ទះទាំងនោះ ភ្លឺរន្ទាល ដោយរស្មី ទៅកាន់ទិសទាំង ៤ ដោយជុំវិញ ។