អដ្ឋកថាមហាកស្សបត្ថេរាបទាន

ក្បាលទី 59 · ទំព័រ 621

អបទានរបស់ព្រះមហាកសប្សត្ថេរ មានពាក្យថា បទុមុត្តរស្ស ភគវតោ ដូច្នេះ ។ ព្រះមហាកស្សបត្ថេរនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ បានជាកុដុម្ពិកៈ មាន ទ្រព្យសម្បត្តិ ៨០ កោដិ មាននាមថា វេទេហៈ នៅក្នុងនគរហង្សវតី ។ កុដុម្ពិកៈនោះជាឧបាសក ដែលរាប់អានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ថាជារបស់ខ្លួន ក្នុងថ្ងៃឧបោសថមួយ បរិភោគភោជនជនដ៏ល្អអំពីព្រលឹម អធិដ្ឋានអង្គឧបោសថ ហើយកាន់យកគ្រឿងក្រអូប និងផ្កាទៅកាន់វិហារ បូជាព្រះសាស្តា នមស្ការ ហើយអង្គុយក្នុងចំណែកម្ខាង ។ ខណៈនោះ ព្រះសាស្តាទ្រង់តាំងសាវ័កទី ៣ នាមថា មហានិសភត្ថេរ ក្នុងតំណែងឯតទគ្គៈថា ម្នាលភិក្ខុទាំងឡាយ និសភៈនេះជាកំពូលនៃសាវ័ក ទាំងឡាយរបស់តថាគត ជាអ្នកទ្រទ្រង់នូវធុតង្គ និងពោលទូន្មានរឿងធុតង្គ ។ ឧបាសកបានស្តាប់ដូច្នោះក៏ជ្រះថ្លា ក្នុងកាលចប់ធម្មកថា កាលមហាជនក្រោក ទៅហើយ ក៏ថ្វាយបង្គំព្រះសាស្តា ទូលនិមន្តថា បពិត្រព្រះអង្គដ៏ចម្រើន សូម ទ្រង់ទទួលភិក្ខារបស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកនេះ ។ ព្រះសាស្តាត្រាស់ថា ម្នាល ឧបាសក ភិក្ខុសង្ឃមានច្រើន ។ ឧបាសកទូលសួរថា ភិក្ខុសង្ឃមានប្រមាណ បុនណា ព្រះសាស្តាត្រាស់ថា មានភិក្ខុប្រមាណ ៦ លាន ៨ សែន ។ ឧបាសកក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ទទួលភិក្ខារបស់ខ្ញុំ ព្រះអង្គ កុំឲ្យសេសសល់សូម្បីត្រឹមតែសាមណេរមួយរូប ។ ព្រះសាស្តាទ្រង់ ទទួលនិមន្តហើយ ។ ឧបាសកដឹងថា ព្រះសាស្តាទ្រង់ទទួលនិមន្តហើយត្រ ឡប់ទៅផ្ទះ ត្រៀមនូវមហាទាន ក្នុងថ្ងៃស្អែកឡើង ប្រើមនុស្សទៅក្រា