អនុរុទ្ធត្ថេរាបទានទី ៦
ខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់ព្រះនាមសុមេធៈ ជាច្បង ក្នុងលោក ជានរាសភៈ ជាលោកនាយក ទ្រង់ចេញចាកគណៈ ហើយគង់នៅតែមួយអង្គឯង ។ ទើបខ្ញុំចូលទៅជិត ព្រះសុមេធសម្ពុទ្ធ ជាលោកនាយក ហើយផ្គងអញ្ជលីអារាធនាព្រះសម្ពុទ្ធ ដ៏ប្រសើរថា បពិត្រព្រះអង្គ ទ្រង់មានព្យាយាមធំ ជាច្បងក្នុងលោក ជានរាសភៈ សូមព្រះអង្គអនុគ្រោះ ខ្ញុំព្រះអង្គសូមថ្វាយប្រទីបដល់ ព្រះអង្គដែលទ្រង់ចម្រើនឈាន ក្បែរគល់ឈើ ។ ព្រះសយម្ភូ ជា អ្នកប្រាជ ប្រសើរជាងពួកអ្នកប្រាជនោះ ទ្រង់បានទទួលហើយ ក្នុងវេលានោះ ខ្ញុំបានទម្លុះឈើទាំងឡាយ ដើម្បីប្រកបនូវប្រទីប ។ មិនតែបុណ្ណោះ ខ្ញុំបានថ្វាយប្រឆេះចង្កៀងមួយពាន់ ដល់ព្រះសម្ពុទ្ធ ជាលោកពន្ធុ ឯប្រទីបទាំងឡាយ ក៏ឆេះរុងរឿងឡើង អស់ ៧ ថ្ងៃ ហើយទើបរលត់ទៅវិញ ។ លុះខ្ញុំលះរាងកាយ ជារបស់មនុស្ស ហើយ ទៅកើតក្នុងវិមាន ( ស្ថានសួគ៌ ) ដោយចិត្តជ្រះថ្លានោះផង ដោយការតាំងចេតនានោះផង ។ កាលដែលខ្ញុំទៅកើត ជាទេវតា ហើយ មានប្រាសាទដែលបុញ្ញកម្ម តាក់តែងដោយល្អ ភ្លឺរុងរឿង ដោយជុំវិញ នេះជាផលនៃការថ្វាយនូវប្រទីប ។ ខ្ញុំកើតជាស្តេច ចក្រពត្តិអស់ ២៨ ដង បានឃើញរូបចម្ងាយ ១ យោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់ក្នុងកាលនោះ ។ ខ្ញុំតែងធ្វើនូវទិសទាំងពួង ចម្ងាយ យោជន៍ដោយជុំវិញ ឲ្យភ្លឺរុងរឿង ក្នុងកាលនោះ ខ្ញុំគ្របសង្កត់ ទេវតាទាំងអស់ នេះជាផលនៃការថ្វាយប្រទីប ។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យក្នុងពួកទេវតាអស់ ៣០ កប្ប ឥតមានពួកទេវតា ណា មើលងាយខ្ញុំបានឡើយ នេះជាផលនៃការថ្វាយនូវប្រទីប ។ ខ្ញុំបានសម្រេចទិព្វចក្ខុ ក្នុងសាសនានៃព្រះសាស្តា តែងឃើញ លោកធាតុមួយពាន់ដោយញាណ នេះជាផលនៃការថ្វាយនូវប្រទីប ។