បុណ្ណមន្តានីបុត្តត្ថេរាបទានទី ៧
ខ្ញុំជាអ្នកបង្រៀនមន្ត ចេះចាំមន្ត សម្រេចត្រៃវេទ មាន ពួកសិស្សចោមរោមហើយ បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធដ៏ ប្រសើរជាងនរជន ។ ព្រះមហាមុនីព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាប ច្បាស់នូវសត្វលោក ព្រះអង្គជាអ្នកគួរទទួលគ្រឿងបូជា បានសម្តែង នូវកម្មរបស់ខ្ញុំ ដោយសង្ខេប ។ ខ្ញុំបានស្តាប់ធម៌នោះហើយ ក៏ផ្គង អញ្ជលី ថ្វាយបង្គំព្រះសាស្តា ហើយបែរមុខឆ្ពោះទៅកាន់ទិស ទក្សិណ ដើរចេញទៅ ។ ខ្ញុំបានស្តាប់ដោយសង្ខេបទេ តែអាចសម្តែង ដោយពិស្តារបាន ពួកសិស្សទាំងអស់ បានស្តាប់ភាសិតដែលខ្ញុំ សម្តែង ក៏មានចិត្តរីករាយគ្រប់ៗ គ្នា ។ ពួកសិស្សទាំងនោះ លះ ចោលនូវទិដ្ឋិរបស់ខ្លួនហើយ ធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធ ខ្ញុំសម្តែង ដោយសង្ខេបក៏បាន ដោយពិស្តារយ៉ាងនោះក៏បាន ។ ខ្ញុំឈ្លាសវៃ ក្នុងន័យព្រះអភិធម្ម ឈ្លាសវៃក្នុងវិសុទ្ធិ ក្នុងកថាវត្ថុ ញ៉ាំងជនជាបណ្ឌិត ទាំងពួងឲ្យត្រាស់ដឹង ទាំងជាអ្នកមិនមានអាសវៈ ។ ក្នុង កប្បទី ៥០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំកើតជាស្តេចចក្រពត្តិ ៤ ដង មានកេរ្តឈ្មោះល្បីល្បាញទួទៅ បរិបូណ៌ដោយកែវទាំង ៧ ប្រការ ជាឥស្សរៈក្នុងទ្វីប ៤ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំ ក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុណ្ណមន្តានីបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។