អដ្ឋកថាឧបាលិត្ថេរាបទាន
អបទានរបស់ព្រះឧបាលិត្ថេរ មានពាក្យផ្តើមថា នគរេ ហំសវតិយា ដូច្នេះ ។ ព្រះថេរៈនេះ មានអធិការដែលធ្វើហើយក្នុងព្រះសម្ពុទ្ធ សន្សំបុណ្យ ទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វានក្នុងភពនោះៗ ។ ក្នុងកាលនៃព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ សម្បូរដោយទ្រព្យ សម្បត្តិ ក្នុងនគរហង្សវតី ។ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុទាំងឡាយ ខាងទ្រទ្រង់ព្រះវិន័យ ទើបធ្វើអធិការដល់ព្រះសាស្តា ហើយប្រាថ្នា តំណែងនោះ ។ កុលបុត្រនោះ ធ្វើកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះជាងកោរកាត់ ញាតិ ទាំងឡាយដាក់ឈ្មោះថា ឧបាលិ ។ ឧបាលិនោះចម្រើនវ័យហើយ បានជា សម្លាញ់ជាទីស្រឡាញ់នៃស្តេច ៦ អង្គ មានស្តេចអនុរុទ្ធជាដើម កាលព្រះតថាគត ទ្រង់គង់នៅក្នុងអនុបិយម្ពវ័ន បានចេញបួស មួយអន្លើដោយក្សត្រ ទាំង ៦ អង្គ ដែលយាងចេញបួស ។ វិធីបព្វជ្ជារបស់ព្រះឧបាលីនោះ មាន មកក្នុងព្រះបាលីនោះឯង ។ ព្រះឧបាលីនោះបព្វជ្ជាឧបសម្បទាហើយ រៀនព្រះកម្មដ្ឋានក្នុងសម្នាក់ របស់ព្រះសាស្តា ហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ អនុញ្ញាតការនៅព្រៃដល់ខ្ញុំព្រះអង្គចុះ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ការ នៅព្រៃនឹងបានធុរៈតែម្យ៉ាង តែការនៅក្នុងសម្នាក់របស់តថាគត វិបស្សនាធុរៈ និងគន្ថធុរៈ នឹងបរិបូណ៌ ។ ព្រះឧបាលីនោះ ទទួលព្រះតម្រាស់របស់ព្រះសាស្តាហើយ ធ្វើកម្មក្នុង វិបស្សនា មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ។