អដ្ឋកថាអញ្ញាកោណ្ឌញ្ញត្ថេរាបទាន
អបទានរបស់ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ មានពាក្យផ្តើមថា បទុមុត្តរសម្ពុទ្ធំ ដូច្នេះ ។ បានឮថា ព្រះថេរៈនេះ ជាអ្នកមានអធិការបានធ្វើហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលនៃគហបតី មហាសាល ក្នុងហង្សវតីនគរ ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈជាងភិក្ខុទាំងឡាយដែលជារត្តញ្ញូ គឺត្រាស់ដឹងធម៌មុនគេ ក្នុងព្រះសាសនារបស់ព្រះអង្គ ខ្លួនឯងក៏ប្រាថ្នាតំណែងនោះ ទើបថ្វាយមហាទាន ជាប់តគ្នា ៧ ថ្ងៃ ដល់ព្រះមានព្រះភាគ ដែលមានភិក្ខុមួយសែនជាបរិវារ ហើយបានធ្វើនូវសេចក្តីប្រាថ្នា ។ ឯព្រះសាស្តាទ្រង់ឃើញថា សេចក្តីប្រាថ្នា របស់កុលបុត្រនោះមិនមានអន្តរាយ ទើបទ្រង់ព្យាករសម្បត្តិដែលកុលបុត្រ នោះនឹងបាន ។ កុលបុត្រនោះ ធ្វើបុណ្យទាំងឡាយដរាបដល់អស់ជីវិត កាល ព្រះសាស្តាបរិនិព្វានហើយ កាលមហាជនកំពុងសាងព្រះចេតិយ កុលបុត្រ នោះឲ្យគេសាងផ្ទះកែវក្នុងចេតិយ និងឲ្យសាងគ្រឿងប្រដាប់តាក់តែងធ្វើដោយ កែវ មានតម្លៃរាប់ពាន់ ដាក់ជុំវិញព្រះចេតិយ ។ កុលបុត្រនោះ ធ្វើបុណ្យទាំងឡាយយ៉ាងនេះ ចុតិចាកជាតិនោះ អន្ទោល ទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាម វិបស្សី កើតជាកុដុម្ពិកៈ ឈ្មោះមហាកាល បានហែកដង្ហើមស្រូវសាលីក្នុង ស្រែ មានប្រមាណ ៨ ករីស ហើយនាំដង្ហើមស្រូវសាលី ដែលបានមកនោះ ផ្សំជាបាយាសលាយដោយទឹកដោះដ៏បរិសុទ្ធ ដាក់ទឹកឃ្មុំ សប្បិ និងស្ករក្រាម ក្នុងបាយាសនោះ ហើយថ្វាយដល់ព្រះសង្ឃ មានព្រ