បិណ្ឌោលភារទ្វាជត្ថេរាបទានទី ១០
កាលនោះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ជាព្រះសយម្ភូ ជាអគ្គបុគ្គល ស្តេចគង់នៅនាភ្នំចិត្តកូដដែល នៅពីខាងមុខនៃព្រៃ ហិមពាន្ត ។ ខ្ញុំកើតជាស្តេចម្រឹគ ( រាជសីហ៍ ) មានជើង ៤ មាន សភាពមិនចេះខ្លាច បាននៅនាភ្នំចិត្តកូដនោះ ដែលពួកជនជាច្រើន បានឮសំឡេងនោះហើយ រមែងតក់ស្លុត ។ ខ្ញុំកាន់ផ្កាឈូកដែលរីក ល្អ ចូលទៅរកព្រះសម្ពុទ្ធព្រះអង្គប្រសើរជាងនរៈ ហើយបង្អោនចូលទៅ បូជា ចំពោះព្រះសម្ពុទ្ធ ដែលទ្រង់ចេញអំពីសមាធិ ។ គ្រានោះ ខ្ញុំនមស្ការព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គខ្ពង់ខ្ពស់ជាងនរៈ ញ៉ាំងចិត្ត របស់ខ្លួនឲ្យជ្រះថ្លា ហើយបន្លឺឡើងនូវសីហនាទ ក្នុងទិសទាំង ៤ ។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ គួរទទួលនូវគ្រឿងបូជា ទ្រង់គង់លើអាសនៈរបស់ព្រះអង្គ ហើយត្រាស់គាថាទាំងឡាយនេះ ។ ពួកទេវតាទាំងអស់ បានដឹងនូវព្រះពុទ្ធដីកា របស់ព្រះសម្ពុទ្ធ ហើយ ក៏មកជួបជុំគ្នា ( ដោយពាក្យថា ) ព្រះសម្ពុទ្ធដ៏ប្រសើរ ជាងពួកអ្នកប្រាជ ទ្រង់ស្តេចមកហើយ ពួកយើង នឹងស្តាប់ ធម៌នោះ ។ ព្រះលោកនាយក ជាអ្នកប្រាជដ៏ប្រសើរ ព្រះអង្គ ឃើញកាលវែង ទ្រង់សម្តែងសំឡេងរបស់ខ្ញុំ ក្នុងទីចំពោះមុខ នៃទេវតាទាំងឡាយនោះ ដែលមានសេចក្តីរីករាយប្រព្រឹត្តទៅ ខាងមុខ ដូច្នេះថា ផ្កាឈូកនេះ ដែលស្តេចម្រឹគណា ថ្វាយហើយក្តី សីហនាទ ដែលស្តេចម្រឹគណា បន្លឺឡើងហើយក្តី តថាគតនឹងសម្តែងសរសើរ នូវស្តេចម្រឹគនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ ស្តេចម្រឹគនោះ នឹងបានជាស្តេចចក្រពត្តិ ជាធំក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ ក្នុងកប្បទី ៨ អំពីកប្បនេះ ។