អដ្ឋកថា កឋិនក្ខន្ធកៈ
រឿង ភិក្ខុអ្នកបថេយ្យ វិនិច្ឆ័យក្នុងកឋិនក្ខន្ធកៈ គប្បីជ្រាបដូច្នេះ បទថា បថេយ្យកា សេចក្តីថា ជាអ្នកស្រុកបាឋេយ្យ មានពាក្យអធិប្បាយថា ក្នុងបច្ចិមបទេសនា ដែនកោសល មានស្រុកមួយឈ្មោះបាឋេយ្យ ភិក្ខុទាំងនោះមានប្រក្រតីនៅក្នុង ស្រុកនោះ ។ បទថា បឋេយ្យកា នោះ ជាឈ្មោះរបស់ពួកភទ្ទវគ្គិយត្ថេរ ដែលជាបងប្អូនរួមបិតារបស់ព្រះបាទកោសលរាជ ក្នុងព្រះថេរៈ ៣០ រូបនោះ អង្គដែលជាធំជាងគេ ជាព្រះអនាគាមី អង្គដែលតូចជាងគេគ្រប់រូប ជាព្រះសោតាបន្ន ជាព្រះអរហន្ត ឬជាបុថុជ្ជនត្រឹមតែមួយអង្គក៏មិនមាន ។ បទថា អារញ្ញកា សេចក្តីថា មានប្រក្រតីនៅព្រៃ ដោយអំណាច សមាទានធុតង្គ មិនមែនត្រឹមតែនៅព្រៃទេ សូម្បីការដែលភិក្ខុទាំងនោះ ជាអ្នកសមាទាន បិណ្ឌបាតជាដើម ក៏មានន័យដូចគ្នា ។ ឯសេចក្តីពិត ពាក្យថា ជា អ្នកមានប្រក្រតីនៅព្រៃនេះ លោកពោលដោយអំណាចធុតង្គជាប្រធាន តែ ភិក្ខុទាំងនេះ សមាទានធុតង្គទាំង ១៣ នោះឯង ។ បទថា ឧទកសង្គហេ សេចក្តីថា កាលភូមិភាគត្រូវទឹកលិច គឺដក់ ពាសពេញហើយ អធិប្បាយថា ទាំងទីទួល ទាំងទីទាបជាទីមានទឹកដូចគ្នា ។ បទថា ឧទកចិក្ខល្លេ សេចក្តីថា ក្នុងទីដែលភិក្ខុទាំងឡាយជាន់ហើយ រអិលហើយ ទឹកភក់រមែងខ្ទាតឡើងដល់ត្រគាក ផ្លូវរអិលដូច្នេះ ។ បទថា ឱកបុណ្ណេហិ អធិប្បាយថា ជោកជាំដោយទឹក ។ បានឮថា ចីវររបស់ពួកលោកមានសាច់ក្រាស់ ទឹកដែលជាប់ត្រង់ចីវរ ទាំងនោះ ទើបមិនហូរទៅ ព្រោះជាចីវរសាច់ក្រាស់ រមែងជាប់នៅដូចខ្ចប់ទុក ព្រោះដូច្នោះ ទើបលោកពោលថា មានចីវរសើមជោកដោយទឹក ។ បាឋៈថា ឱឃបុណ្ណេហិ ក៏មាន ។ វិនិច្ឆ័យក្នុងបទថា អវិវទមានា វស្សំ វសិម្ញា នេះ គប្បីជ្រាបដូច្នេះ ថា ភិក្ខុទាំងនោះនៅមិនផាសុក ព្រោះមិនមានការសម្រ