អដ្ឋកថា ចីវរក្ខន្ធកៈ

ក្បាលទី 6 · ទំព័រ 171

រឿង ពេទ្យជីវក វិនិច្ឆ័យក្នុងចីវរក្ខន្ធកៈ គប្បីជ្រាបដូច្នេះ បទថា បទក្ខា បានដល់ វាងវៃ គឺឈ្លាស ។ បទថា អភិសដា បានដល់ ទៅរក ។ សួរថា ជនពួកណាទៅរក ឆ្លើយថា ពួកមនុស្សដែលត្រូវការ ។ ព្រះមានព្រះភាគត្រាស់ថា អត្ថិកានំ អត្ថិកានំ មនុស្សានំ ដូច្នេះ ព្រោះទ្រង់ប្រើឆដ្ឋីវិភត្តិ ក្នុងអត្ថនៃតតិយាវិភត្តិ ។ បទទាំងឡាយថា បញ្ញាសាយ ច រត្តឹ គច្ឆតិ សេចក្តីថា នាង អម្ពបាលីគណិកាកាន់យកទ្រព្យ ៥០ កហាបណៈ ហើយទៅ ក្នុងយប់មួយ ។ បទថា នេគមោ បានដល់ ពួកកុដុម្ពិកៈ ។ បទថា សាលវតឹ កុមារឹ គណិកំ វុដ្ឋាបេសិ សេចក្តីថា ពួកអ្នក នគរឲ្យទ្រព្យពីរសែន ព្រះរាជាព្រះរាជទានបីសែន និងដែនកំណត់អារាម ឧទ្យាន និងពាហនៈដទៃជាដើមហើយ ឲ្យនាងសាលវតីទទួល អធិប្បាយថា ទ្រង់តាំងទុកក្នុងតំណែងនាងនគរសោភិនី ។ បទទាំងឡាយថា បដិសតេន ច រត្តឹ គច្ឆតិ សេចក្តីថា ទៅនៅរួមគ្នា មួយយប់រយកហាបណៈ ។ ពីរបទថា គិលានំ បដិវេទេយ្យំ សេចក្តីថា អញគប្បីឲ្យជ្រាបភាព ដែលអញជាមនុស្សឈឺ ។ បទថា កត្តរសុប្បេ បានដល់ ចង្អេរចាស់ ។ ព្រោះហេតុអ្វី ទើបជីវកៈសួរថា បពិត្រសម្មតិទេព អ្នកណាជាមាតា របស់ទូលបង្គំ ។ បានឮថា កូនព្រះរាជាដទៃដែលលេងជាមួយគ្នា កាលកើត ជម្លោះឡើង រមែងពោលនឹងជីវកៈនោះថា អាកូនមិនមានម៉ែ មិនមាន ។ ក្នុងមហោស្រពមង្គលជាដើម ញាតិទាំងឡាយ មានមីង និងអំជាដើម រមែងផ្ញើរបស់បញ្ចាំចិត្តណាមួយទៅឲ្យកុមារដទៃ យ៉ាងណា បុគ្គលណាមួយ ផ្ញើរបស់បញ្ចាំចិត្តណាទៅឲ្យដល់ជីវកៈនោះ ដូច្នោះមិនមាន ព្រោះហេតុនោះ ជីវកៈគិតដល់ហេតុទាំងពួងនោះហើយ ដើម្បីជ្រាបថា អញជាអ្នកមិនមានម៉ែ ឬហ្ន៎ ទើបទូលសួរថា បពិត្រសម្មតិទេព អ្នកណាជាមាតា អ្នកណាជា បិតារបស់ខ្ញុំ ។