ចម្បេយ្យក្ខន្ធកៈ
សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នាឆ្នេរស្រះបោក្ខរណី ឈ្មោះ គគ្គរាទៀបក្រុងចម្បា ។ សម័យនោះឯង ក្នុងកាសីជនបទមានស្រុក មួយ ឈ្មោះ វាសភៈ ។ ភិក្ខុឈ្មោះកស្សបគោត្តជាម្ចាស់អាវាសក្នុងស្រុក ឈ្មោះវាសភៈនោះ មានចិត្តជាប់ជំពាក់ដោយការរៀបចំក្នុងអាវាសនោះ ដល់ នូវសេចក្តីខ្វល់ខ្វាយដូច្នេះថា ធ្វើដូចម្តេច ភិក្ខុទាំងឡាយមានសីលជាទី ស្រឡាញ់ដែលមិនទាន់មកដល់ក៏គប្បីឲ្យមកផង ភិក្ខុមានសីលជាទីស្រឡាញ់ ដែលមកដល់ហើយ ក៏គប្បីនៅជាសុខផង ម្យ៉ាងទៀត អាវាសនេះគប្បីដល់ នូវសេចក្តីចម្រើន សេចក្តីលូតលាស់ និងការទូលំទូលាយ ។ សម័យនោះឯង ពួកភិក្ខុជាច្រើនរូបត្រាច់ទៅកាន់ចារិក ក្នុងកាសីជនបទ ក៏បានទៅដល់ស្រុក ឈ្មោះវាសភៈ ។ ភិក្ខុឈ្មោះកស្សបគោត្តបានឃើញពួកភិក្ខុនោះកំពុងដើរមក អំពីចម្ងាយ លុះឃើញហើយក៏ក្រាលអាសនៈ តម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់កល់ជើង និងវត្ថុសម្រាប់ជូតជើង ហើយក្រោកទទួលបាត្រ និង ចីវរ អើពើដោយទឹកឆាន់ធ្វើសេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងបបរ ខាទនីយៈ និងភត្តទៀត ។ ពួកភិក្ខុជាអាគន្តុកៈទាំងនោះបានប្រឹក្សា គ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាម្ចាស់អាវាសនេះល្អណាស់ ធ្វើ សេចក្តីខ្វល់ខ្វាយក្នុងការងូត ធ្វើសេចក្តីខ្វល់ខ្វាយក្នុងបបរ និងខាទនីយៈ និង ភត្តទៀត ម្នាលអាវុសោទាំងឡាយ បើដូច្នេះ យើងនឹងសម្រេចការនៅក្នុង វាសភៈគ្រាមនេះចុះ ។ គ្រានោះ ពួកអាគន្តុកភិក្ខុនោះក៏សម្រេចការនៅក្នុង វាសភៈគ្រាមនោះឯង ។ ភិក្ខុឈ្មោះកស្សបគោត្តមានសេចក្តីត្រិះរិះក្នុងពេល នោះដូច្នេះថា សេចក្តីលំបាកដោយកិច្ចជាអាគន្តុកៈរបស់អាគន្តុកភិក្ខុទាំងនេះ ក៏ស្ងប់រម្ងាប់ទៅហើយ ឥឡូវភិ