ចុល្លវគ្គ ទុតិយភាគ
សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត ជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួក ឆព្វគ្គិយភិក្ខុតែងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្ម ខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះដល់ភិក្ខុទាំងឡាយដែលមិន មានក្នុងទីចំពោះមុខ ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹង ធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយដែលមិនមានក្នុងទី ចំពោះមុខសោះ ។ គ្រានោះ ភិក្ខុទាំងនោះក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះ ព្រះដ៏មានព្រះភាគ ។ បេ ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុតែងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះដល់ភិក្ខុទាំងឡាយ ដែលមិនមានក្នុងទីចំពោះមុខ ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន ។ ព្រះពុទ្ធមានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះមិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ ម្នាលភិក្ខុ ទាំងឡាយ មោឃបុរសទាំងនោះមិនសមបើនឹងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយដែលមិនមានក្នុងទីចំពោះមុខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិ