ឲ្យរីករាយដោយធម្មីកថា

ក្បាលទី 6 · ទំព័រ 846

ហើយនិយាយពាក្យនេះនឹងព្រះទព្វមល្លបុត្តដ៏មាន អាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន ស្អែកនេះលោកម្ចាស់ចាត់ភិក្ខុអង្គណា ( ឲ្យទៅទទួល ) ភត្តក្នុងផ្ទះរបស់ខ្ញុំ ។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាល គហបតិ ស្អែកនេះអាត្មានឹងចាត់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ ( ឲ្យទៅ ទទួល ) ភត្តក្នុងផ្ទះអ្នកក្នុងថ្ងៃស្អែក ។ លំដាប់នោះ កល្យាណភត្តិកគហបតិ មានសេចក្តីអាក់អន់ចិត្តដោយគិតថា ចុះហេតុអ្វី បានជាភិក្ខុលាមកទាំងឡាយ ទៅឆាន់ក្នុងផ្ទះរបស់អាត្មាអញ ( លុះគិតដូច្នេះហើយ ) ក៏ទៅផ្ទះបង្គាប់ទាសី ថា នែហង ស្អែកត្រូវពួកលោកណាមកទទួលចង្ហាន់ ហងឯងចូរក្រាល អាសនៈក្នុងជង្រុក ហើយអង្គាសលោកទាំងនោះដោយបាយចុងអង្ករមានទឹក ជ្រក់ជាគម្រប់ពីរចុះ ។ ទាសីនោះ ទទួលស្តាប់ពាក្យកល្យាណភត្តិកគហបតិ ដោយពាក្យថា ច្ាះ អ្នកម្ចាស់ ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ទាំងឡាយគិតគ្នាថា ម្នាលអាវុសោ អំពីថ្ងៃម្សិលមិញ ភត្តុទ្ទេសកភិក្ខុបានចាត់ ឲ្យយើងទៅទទួលភត្តរបស់កល្យាណភត្តិកគហបតិ កល្យាណភត្តិកគហបតិ ព្រមទាំងកូនប្រពន្ធនឹងចូលមកបម្រើ អង្គាសពួកយើងក្នុងថ្ងៃស្អែក ភិក្ខុទាំង ឡាយដទៃៗ មុខជានឹងសួររកបាយ រកសម្ល រកប្រេង រកសម្លឧត្តរិភង្គ ។ ដោយសេចក្តីសោមនស្សនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ក៏ដេកមិន លក់ តាមសេចក្តីគាប់ចិត្តក្នុងរាត្រី ( នោះ ) ។ គ្រានោះ មេត្តិយភិក្ខុ និង ភុម្មជកភិក្ខុ ក៏ស្លៀកស្បង់ប្រដាប់បាត្រចីវរចូលទៅកាន់លំនៅរបស់កល្យាណ ភត្តិកគហបតិអំពីព្រឹកព្រហាម ។