សីហាសនិយវគ្គោ

ក្បាលទី 60 · ទំព័រ 2

កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គប្រសើរ ជាងសត្វជើងពីរ ទ្រង់បរិនិព្វានហើយ កាលពាក្យជាប្រធាន គឺ សាសនា ផ្សាយទៅហើយក្នុងជនច្រើន ។ ខ្ញុំមានចិត្តជ្រះថ្លា មាន ចិត្តរីករាយ បានកសាងសីហាសនៈ លុះកសាងសីហាសនៈរួចហើយ ខ្ញុំធ្វើតាំងរងព្រះបាទទៀត ។ កាលបើភ្លៀងបង្អុរចុះ លើ សីហាសនៈ ខ្ញុំក៏ធ្វើរោងលើសីហាសនៈនោះ ដោយចិត្តជ្រះថ្លានោះ ខ្ញុំបានទៅកើតក្នុងស្ថានតុសិត ។ វេលានោះ វិមានមានបណ្តោយ ២៤ យោជន៍ ទទឹង ១៤ យោជន៍ ដែលបុញ្ញកម្មតាក់តែងឡើង សម្រាប់ខ្ញុំ ។ ក្នុងវិមាននោះ មានកញ្ញា ៧ ពាន់ តែងចោមរោម ខ្ញុំសព្វៗ កាល មានទាំងបល្ល័ង្កជាវិការនៃមាស ដែលបុញ្ញកម្មនិម្មិត ល្អហើយ ។ យានដំរី យានសេះ និងយានជាទិព្វ កើតឡើង សម្រាប់ខ្ញុំ ប្រាសាទ និងសិវិកា ( អង្រឹង ) កើតតាមសេចក្តី ប្រាថ្នាខ្ញុំ ។ បល្ល័ង្កជាវិការនៃកែវមណី បល្ល័ង្កឯទៀតជាច្រើន ជា វិការនៃឈើ បល័្លង្កទាំងអស់នោះ កើតឡើងសម្រាប់ខ្ញុំ នេះជាផល នៃសីហាសនៈ ។ ខ្ញុំតែងពាក់ទ្រនាប់ជើង ជាវិការនៃមាស ជា វិការនៃវត្ថុគាប់ចិត្ត ជាវិការនៃកែវផលិក និងជាវិការនៃកែវពិទូរ្យ នេះជាផលនៃតាំងរងព្រះបាទ ។ ព្រោះហេតុដែលខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ក្នុងកាលនោះ ខ្ញុំមិនស្គាល់ ទុគ្គតិឡើយ នេះជាផលនៃបុញ្ញកម្មនោះ ។ ក្នុងកប្បទី ៧៣ អំពី ភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះឥន្ទៈ ៣ ដង ក្នុងកប្បទី ៧២ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះសុមនៈ ៣ ដង ក្នុងកប្បទី ៧០ អំពីភទ្ទកប្បនេះ ខ្ញុំបានកើតជាជនឈ្មោះវរុណៈ ៣ ដង ដែលជាស្តេចធំ ក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ ។