ឯកត្ថម្ភិកត្ថេរាបទានទី ២
ពួកគណៈធំ របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ពួក ជនទាំងនោះ បានដល់នូវព្រះពុទ្ធជាទីពឹង ហើយជឿព្រះតថាគត ។ ពួកជនទាំងពួង ជួបជុំប្រឹក្សាគ្នា ហើយធ្វើរោងថ្វាយព្រះសាស្តា តែនៅខ្វះសសរ ១ ក៏នាំគ្នាជ្រើសរកក្នុងព្រៃធំ ។ កាលនោះ ខ្ញុំ ឃើញជនទាំងនោះ ក្នុងព្រៃហើយ ចូលទៅជិតជនទាំងនោះ ក៏ផ្គង អញ្ជលីសាកសួរពួកនោះ ។ ពួកឧបាសក អ្នកមានសីលទាំងនោះ ដែលខ្ញុំសួរហើយ ក៏ប្រាប់ថា ពួកយើងប្រាថ្នានឹងធ្វើរោង តែនៅ ខ្វះសសរ ១ ។ ខ្ញុំតបថា អ្នកទាំងឡាយ ចូរឲ្យសសរ ១ ដែល ខ្វះមកខ្ញុំចុះ ខ្ញុំនឹងថ្វាយចំពោះព្រះសាស្តា ខ្ញុំនឹងនាំសសរមក សូម ពួកឧបាសកទាំងនោះ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ។ ពួកឧបាសកទាំងនោះ មានចិត្តជ្រះថ្លាត្រេកអរហើយ នាំសសររបស់ខ្ញុំទៅ លុះត្រឡប់អំពីទីនោះវិញ ក៏មកកាន់ផ្ទះរៀងខ្លួន ។ ក្នុងកាលនោះ កាលពួកគណៈដែលទើបនឹងទៅ មិនទាន់យូរបុន្មាន ខ្ញុំបានថ្វាយ សសរ ខ្ញុំមានចិត្តត្រេកអរហើយ បានលើកសសរជាដំបូង ។ ដោយចិត្តជ្រះថ្លានោះ ខ្ញុំចូលទៅកាន់វិមាន មានកម្ពស់ ៧ ជាន់ ដែលផុសឡើងសម្រាប់ខ្ញុំ ។ ក្នុងកប្បទី ៥៥ ខ្ញុំកើតជាស្តេចឈ្មោះ យសោធរៈ កាលបើស្គរដែលគេកំពុងប្រគំ ខ្ញុំក៏ឲ្យគេបម្រើសព្វៗ កាល ។ លំនៅរបស់ខ្ញុំក្នុងទីនោះ មានកម្ពស់ ៧ ជាន់ ប្រកប ដោយផ្ទះមានកំពូលដ៏ប្រសើរ មានសសរតែមួយ ជាទីរីករាយនៃ ចិត្ត ។ ក្នុងកប្បទី ២១ ខ្ញុំកើតជាក្សត្រិយ៍ឈ្មោះឧទេនៈ លំនៅ របស់ខ្ញុំក្នុងទីនោះ មានជាន់ ៧ ដែលគេតាក់តែងល្អហើយ ។ ខ្ញុំ កើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំតែងទទួល សេចក្តីសុខគ្រប់ប្រការ នេះជាផលនៃសសរមួយ ។