នន្ទត្ថេរាបទានទី ៣
ខ្ញុំបានថ្វាយសំពត់សម្បកឈើ ចំពោះព្រះមានព្រះភាគ ព្រះនាម បទុមុត្តរៈ ជាចម្បងក្នុងលោក ទ្រង់ប្រកបដោយតាទិគុណ ជាព្រះសយម្ភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ ។ ព្រះពុទ្ធជានាយក ព្រះនាមជលជុត្តមៈ ទ្រង់ព្យាកររឿងនោះប្រាប់ខ្ញុំថា អ្នកនឹងមានពណ៌សម្បុរដូចមាស ដោយការថ្វាយសំពត់ នេះ ។ អ្នកនឹងបានទទួលសម្បត្តិទាំងពីរប្រការ ត្រូវកុសលមូល ដាស់តឿនហើយ នឹងបានជាប្អូន នៃព្រះមានព្រះភាគព្រះនាម គោតម ។ អ្នកនឹងមានសេចក្តីត្រេកអរដោយរាគៈ មានសេចក្តី សុខជាប្រក្រតី មានសេចក្តីជាប់ជំពាក់ដោយចំណង់ក្នុងកាមទាំងឡាយ តែលុះព្រះពុទ្ធទ្រង់ដាស់តឿន នឹងប្រែជាបុគ្គលស្ងប់ ហើយ ចេញបួសក្នុងកាលនោះ ។ លុះអ្នកបួសហើយ ត្រូវកុសលមូល ដាស់តឿន នឹងកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វានក្នុងទីនោះ ។ ក្នុងកប្បទីមួយសែន អ្នកនឹង បានជាព្រះរាជាព្រះនាមចេលៈ ៤ ដង ក្នុងកប្បទី ៦០ ពាន់ នឹង បានកើតជាជនឈ្មោះឧបចេលៈ ៤ ដង ។ ក្នុងកប្បទី ៥ ពាន់ នឹង បានជាជនឈ្មោះចេលៈ ៤ ដងទៀត ជាធំក្នុងទ្វីបទាំង ៤ បរិបូណ៌ដោយកែវ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះនន្ទត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ ។