អដ្ឋកថាចុល្លបន្ថកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 24

អបទានរបស់ព្រះចុល្លបន្ថកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈរូបនេះ ក៏ជាអ្នកមានអធិការធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ខ្ញុំ បានពោលរឿង ( របស់លោក ) ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាម បទុមុត្តរៈ ជាការផ្តើមដំបូងក្នុងរឿងរបស់ព្រះមហាបន្ថកត្ថេរ ( ក្នុងថេរគាថា ) ក្នុងអដ្ឋកនិបាតនោះហើយ ។ ចំណែកសេចក្តីដែលប្លែកគ្នា មានដូចតទៅ ព្រះមហាបន្ថកត្ថេរសម្រេចអរហត្តហើយ ញ៉ាំងពេលវេលាឲ្យកន្លងទៅ ដោយសេចក្តីសុខដែលកើតអំពីផលសមាបត្តិ គិតថា ធ្វើដូចម្តេចហ្ន៎ ទើប អញអាចឲ្យចុល្លបន្ថកៈ តាំងនៅក្នុងសេចក្តីសុខយ៉ាងនេះដែរហ្ន៎ ។ ទើបព្រះថេរៈ ចូលទៅរកមហាធនសេដ្ឋី ដែលជាជីតារបស់ខ្លួន ពោលថា លោក មហាសេដ្ឋី បើលោកអនុញ្ញាត អាត្មានឹងឲ្យចុល្លបន្ថកៈបួស មហាសេដ្ឋី ពោលថា សូមលោកម្ចាស់ឲ្យគេបួសចុះ ។ ព្រះថេរៈក៏ឲ្យចុល្លបន្ថកៈបួស ។ ចុល្លបន្ថកៈនោះ តាំងមាំក្នុងសីល ១០ ហើយ បានរៀនគាថា ( សំយុត្តនិកាយ សគាថវគ្គ ) ក្នុងសម្នាក់បងប្រុសថា ផ្កាឈូក ( ក្រហមច្រាល ) រីកក្នុងវេលាព្រឹក មានក្លិនក្រអូប មិនប្រាសចាកក្លិន យ៉ាងណា អ្នកចូរមើលនូវព្រះសម្មាសម្ពុទ្ធ មានរស្មីផ្សាយចេញអំពីព្រះអង្គ កំពុងរុងរឿង ដូចព្រះអាទិត្យ ដែលរុងរឿង ក្នុងអាកាសយ៉ាងនោះឯង ដូច្នេះ ។ ដោយកន្លងទៅ ៤ ខែ ក៏មិនអាចទន្ទេញចាំគាថានេះបាន ពាក្យដែល រៀនហើយ មិនជាប់នៅក្នុងចិត្ត ។ លំដាប់នោះ ព្រះមហាបន្ថកៈក៏ពោលនឹង លោកថា នែចុល្លបន្ថកៈ អ្នកប្រហែលជាអភព្វបុគ្គលក្នុងសាសនានេះពិតៗ ពេលវេលាកន្លងទៅ ៤ ខែ ក៏មិនអាចចាំនូវគាថាត្រឹមតែមួយបាន ហើយ អ្នកនឹងធ្វើកិច្ចនៃប